វគ្គទី៣
សង្គគាថា ទី៧
គាថាថា សង្គោ ឯសោ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ក្នុងនគរពារាណសី មានព្រះរាជាមួយអង្គ ព្រះនាមថា បាទលោលព្រហ្មទត្ត។ ព្រះរាជាអង្គនោះ ទ្រង់សោយយាគូ ឬក្រយាស្ងោយអំពីព្រលឹមហើយ ទ្រង់ទតអ្នករបាំ ៣ ប្រភេទ ក្នុងប្រាសាទទាំង ៣។ ពាក្យថា អ្នករបាំ ៣ ប្រភេទ បានដល់ អ្នករបាំដែលមកអំពីព្រះរាជាក្នុងអតីត ១ អ្នករបាំដែលមកអំពីព្រះរាជាបន្ទាប់ ១ អ្នករបាំដែលកើតឡើងក្នុងរជ្ជកាលរបស់ព្រះអង្គ ១។
ថ្ងៃមួយ ទ្រង់យាងទៅកាន់ប្រាសាទអ្នករបាំវ័យក្មេងអំពីព្រលឹម ស្ត្រីអ្នករបាំទាំងឡាយគិតថា ពួកយើងនឹងឲ្យព្រះរាជាត្រេកអរ ទើបប្រកបការរាំច្រៀង និងការប្រគំដែលគួរចាប់ចិត្តក្រៃលែង ដូចពួកស្រីទេពអប្សររបស់សក្កទេវរាជស្តេចទេវតាដូច្នោះ។ ព្រះរាជាមិនពេញព្រះហឫទ័យថា ការរាំរបស់អ្នករបាំវ័យក្មេងទាំងឡាយនោះ មិនអស្ចារ្យសោះ ទើបយាងទៅកាន់ប្រាសាទរបស់អ្នករបាំវ័យកណ្តាល ស្រ្តីអ្នករបាំទាំងនោះ ក៏បានធ្វើយ៉ាងនោះដូចគ្នា ទ្រង់មិនពេញព្រះហឫទ័យក្នុងស្រ្តីរបាំវ័យ កណ្តាលនោះដូចគ្នា ទើបយាងទៅកាន់ប្រាសាទរបស់ស្រីរបាំវ័យចាស់ ស្រ្តីអ្នករបាំទាំងនោះ ក៏ធ្វើយ៉ាងនោះដូចគ្នា។ ព្រះរាជាទ្រង់ឃើញការរាំដូចគ្នានឹងការលេងនៃគ្រោងឆ្អឹង ព្រោះស្ត្រីអ្នករបាំទាំងនោះ ជាមនុស្សចាស់ជរា កន្លងពីរបីរជ្ជកាលមកហើយ ទ្រង់ស្តាប់សំឡេងច្រៀងក៏មិនពីរោះ ទើបយាងទៅកាន់ប្រាសាទរបស់អ្នករបាំវ័យក្មេង ប្រាសាទរបស់អ្នករបាំវ័យកណ្តាល ទៅមកៗ យ៉ាងនេះ ក៏ទ្រង់មិនពេញព្រះហឫទ័យក្នុងទីណាមួយឡើយ ទ្រង់ព្រះតម្រិះថា ស្រ្តីអ្នករបាំទាំងនេះ បំណងនឹងឲ្យអាត្មាអញត្រេកអរ ដូចស្រីទេពអប្សររបស់សក្កទេវរាជជាស្តេចទេវតាដូច្នោះ ទើបប្រកបការរាំ ការច្រៀង និងការប្រគំ ពេញសមត្ថភាពគ្រប់យ៉ាង អាត្មាអញនោះ មិនពេញចិត្តក្នុងទីណាសោះ ធ្វើឲ្យលោភៈចម្រើនឡើងប៉ុណ្ណោះ ឈ្មោះថា លោភៈនោះ ជាធម៌គប្បីនាំទៅកាន់អបាយ ណ្ហើយចុះ អាត្មាអញនឹងគ្របសង្កត់លោភៈនោះ ដូច្នេះហើយ ទ្រង់លះរាជសម្បត្តិ ហើយបួស ចម្រើនវិបស្សនា ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ ទើបត្រាស់ឧទានគាថានេះថា
សង្គោ ឯសោ បរិត្តមេត្ថ សោខ្យំ
អប្បស្សាទោ ទុក្ខមេវេត្ថ ភិយ្យោ
គណ្ឌោ ឯសោ ឥតិ ញត្វា មតិមា
ឯកោ ចរេ ខគ្គវិសាណកប្បោ។
កាមគុណនេះ ជាគ្រឿងជាប់ចំពាក់ ឯសេចក្ដីសុខក្នុងកាមគុណនុ៎ះ មានប្រមាណតិច កាមគុណនុ៎ះ មានសេចក្តីត្រេកអរតិច បុគ្គលអ្នកមានគំនិតប្រាជ្ញា លុះដឹងច្បាស់ថា កាមគុណនុ៎ះ ដូចជាដំបៅពក ដូច្នេះហើយ គប្បីត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាស។
អត្ថនៃឧទានគាថានោះ មានដូច្នេះថា ព្រះរាជាទ្រង់ចង្អុលបង្ហាញនូវគ្រឿងប្រើប្រាស់របស់ព្រះអង្គ ដោយបទថា សង្គោ ឯសោ ដូច្នេះជាដើម។ គ្រឿងប្រើប្រាស់នោះ ឈ្មោះថា សង្គៈ ព្រោះជាទីជាប់ចំពាក់របស់សត្វទាំងឡាយ ដូចដំរីជាប់ក្នុងភក់ដូច្នោះ។ បទថា បរិត្តមេត្ថ សោខ្យំ បានដល់ ក្នុងកាលបរិភោគបញ្ចកាមគុណនេះ ឈ្មោះថា មានសុខតិច ព្រោះអត្ថថា លាមក ដោយឲ្យកើតនូវការសម្គាល់ខុស ឬដោយរាប់បញ្ចូលដោយកាមាវចរធម៌ មានអធិប្បាយថា មានបន្តិចបន្តួច គឺមានមួយជួរខណៈ ដូចក្នុងការមើលអ្នករបាំដែលរាំក្នុងទីដែលមានផ្លេកបន្ទោរ ដូច្នោះ។ ទោសរបស់កាមទាំងឡាយ គប្បីជ្រាបថា អប្បស្សាទោ ទុក្ខមេវេត្ថ ភិយ្យោ មានសេចក្តីត្រេកអរតិច ដូចជាដំណក់ទឹកបន្តិចបន្តួច កាលប្រៀបធៀបជាមួយទុក្ខដែលព្រះមានព្រះភាគត្រាស់ទុក ដោយន័យយ៉ាងនេះថា
ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាតម្រេករបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កាមគុណ (ចំណង់ កាម) នេះ មាន ៥ ប្រការ កាមគុណ ៥ ប្រការ តើអ្វីខ្លះ គឺរូបទាំងឡាយដែលគប្បីដឹងដោយភ្នែក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ដ ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល ១ សំឡេងទាំងឡាយដែលគប្បីដឹងបានដោយត្រចៀក ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ដ ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល ១ ក្លិនទាំងឡាយដែលគប្បីដឹងបានដោយច្រមុះ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ដ ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល ១ រសទាំងឡាយដែលគប្បីដឹងបានដោយអណ្ដាត ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ដ ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល ១ ផ្សព្វទាំងឡាយដែលគប្បីដឹងបានដោយកាយ ជាទីប្រាថ្នា ជាទីត្រេកអរ ជាទីពេញចិត្ដ ជាទីស្រឡាញ់ ត្រូវតាមចំណង់ ជាទីត្រេកត្រអាល ១ ម្នាលភិក្ខុទាំងឡាយ នេះឯងហៅថា កាមគុណ ៥ ប្រការ។ ម្នាលភិក្ខុទាំងឡាយ សេចក្ដីសុខសោមនស្ស កើតឡើងព្រោះអាស្រ័យកាមគុណទាំង ៥ ប្រការនេះ នេះឯងជាតម្រេករបស់កាមគុណទាំងឡាយ។
ម្នាលភិក្ខុទាំងឡាយ ចុះអ្វីជាទោសរបស់កាមទាំងឡាយ។ ម្នាលភិក្ខុទាំងឡាយ កុលបុត្តក្នុងលោកនេះ ចិញ្ចឹមជីវិតដោយសេចក្ដីប្រឹងប្រែង ដោយសិល្បសាស្ដ្រណាមួយ ទោះបីដោយការរាប់ម្រាមដៃទទេក្ដី ដោយការរាប់លេខនព្វន្ដក្ដី ដោយការរាប់ប្រមូលក្ដី ដោយកសិកម្មក្ដី ដោយពាណិជ្ជកម្មក្ដី ដោយគោរក្ខកម្មក្ដី ដោយភាវៈនៃខ្លួនជាអ្នកកាន់អាវុធក្ដី ដោយភាវៈនៃខ្លួនជារាជបុរសក្ដី ដោយសិល្បសាស្ដ្រណាមួយក្ដី កុលបុត្តដែលអាស្រ័យនូវការចិញ្ចឹមជីវិត ដោយការរាប់ម្រាមដៃទទេជាដើមនោះ តែងមានត្រជាក់បៀតបៀន មានក្ដៅបៀតបៀន ប៉ះពាល់ដោយសម្ផស្សនៃរបោម មូស ខ្យល់ កម្ដៅថ្ងៃ និងពស់តូច ពស់ធំ ស្លាប់ខ្លួនព្រោះសេចក្ដីស្រេកឃ្លាន ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្ដនោះ ប្រឹងប្រែងខ្នះខ្នែងព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះ ក៏មិនបានសម្រេច កុលបុត្ដនោះ តែងក្រៀមក្រំចិត្ដ លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្ដីវង្វេងថា ឱសេចក្ដីប្រឹងប្រែងរបស់អញ ឥតអំពើសោះ ឱសេចក្ដីព្យាយាមរបស់អញ ឥតផលសោះ។ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ កាលបើកុលបុត្ដនោះ ប្រឹងប្រែងខ្នះខ្នែងព្យាយាមយ៉ាងនេះហើយ ភោគៈទាំងឡាយនោះក៏សម្រេច កុលបុត្ដនោះ តែងទទួលនូវសេចក្ដីទុក្ខទោមនស្ស ព្រោះហេតុនៃការរក្សានូវភោគៈទាំងឡាយនោះថា ធ្វើដូចម្ដេចហ្ន៎ កុំឲ្យព្រះរាជាទាំងឡាយនាំយកភោគៈទាំងឡាយនោះទៅបាន កុំឲ្យចោរទាំងឡាយលួចយកបាន កុំឲ្យភ្លើងឆេះបាន កុំឲ្យទឹកបន្សាត់ទៅបាន កុំឲ្យអ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់នាំយកទៅបាន។ កាលកុលបុត្ដនោះ ខំរក្សាគ្រប់គ្រងយ៉ាងនេះ ក៏ស្រាប់តែព្រះរាជាទាំងឡាយ រឹបយកនូវភោគៈទាំងឡាយនោះទៅក្ដី ចោរទាំងឡាយលួចយកទៅក្ដី ភ្លើងឆេះទៅក្ដី ទឹកបន្សាត់ទៅក្ដី អ្នកទទួលមត៌កទាំងឡាយ ដែលមិនជាទីស្រឡាញ់នាំយកទៅក្ដី កុលបុត្ដនោះ តែងក្រៀមក្រំចិត្ដ លំបាក ខ្សឹកខ្សួល គក់ទ្រូង ទ្រហោយំ ដល់នូវសេចក្ដីវង្វេងថា ទ្រព្យណា បានកើតមានដល់អាត្មាអញហើយ ឥឡូវនេះ ទ្រព្យនោះឯង ត្រឡប់ជាមិនមានដល់អាត្មាអញវិញឡើយ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។
ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត បានជាព្រះរាជាទាំងឡាយទាស់ទែងគ្នានឹងព្រះរាជាទាំងឡាយខ្លះ ក្សត្រទាំងឡាយទាស់ទែងគ្នានឹងក្សត្រទាំងឡាយខ្លះ ព្រាហ្មណ៍ទាំងឡាយទាស់ទែងគ្នានឹងព្រាហ្មណ៍ទាំងឡាយខ្លះ គហបតីទាំងឡាយទាស់ទែងគ្នានឹងគហបតីទាំងឡាយខ្លះ មាតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងមាតាខ្លះ បិតាទាស់ទែងនឹងបុត្តខ្លះ បុត្តទាស់ទែងនឹងបិតាខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនប្រុសខ្លះ បងប្អូនប្រុសទាស់ទែងនឹងបងប្អូនស្រីខ្លះ បងប្អូនស្រីទាស់ទែងនឹងបងប្អូនប្រុសខ្លះ សម្លាញ់ទាស់ទែងនឹងសម្លាញ់ខ្លះ ពួកមនុស្សទាំងនោះ ក៏ដល់នូវសេចក្ដីឈ្លោះប្រកែក ប្រកាន់ខុស ទាស់ទែងគ្នាក្នុងទីនោះហើយ ប្រហារគ្នាទៅវិញទៅមក ដោយដៃខ្លះ ប្រហារគ្នាដោយដុំដីខ្លះ ប្រហារគ្នាដោយដំបងខ្លះ ប្រហារគ្នាដោយគ្រឿងសស្ដ្រាខ្លះ ជនទាំងនោះ ក៏ដល់នូវសេចក្ដីស្លាប់ក្នុងទីនោះខ្លះ ដល់នូវសេចក្ដីទុក្ខស្ទើរនឹងស្លាប់ខ្លះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ បានជាមនុស្សទាំងឡាយ កាន់នូវដាវនិងខែល កាន់ធ្នូសៀតបំពង់ព្រួញ ចូលទៅកាន់សង្គ្រាម ដែលកើតជាក្បួនទ័ពមកទាំងសងខាង កាលដែលគេបាញ់ព្រួញមកក្ដី កាលដែលគេពួយលំពែងមកក្ដី កាលដែលគេងាដាវឡើងក្ដី មនុស្សទាំងឡាយនោះ បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងសង្គ្រាមនោះ មនុស្សទាំងឡាយនោះ ក៏ដល់នូវសេចក្ដីស្លាប់ខ្លះ ដល់នូវសេចក្ដីទុក្ខស្ទើរនឹងស្លាប់ខ្លះ ក្នុងសង្គ្រាមនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត បានជាមនុស្សទាំងឡាយនោះ កាន់ដាវនិងខែល កាន់ធ្នូសៀតបំពង់ព្រួញ ចូលទៅកាន់បន្ទាយ ដែលលាបបូកដោយបាយអ កាលដែលគេបាញ់ព្រួញមកក្ដី កាលដែលគេពួយលំពែងមកក្ដី កាលដែលគេងាដាវឡើងក្ដី មនុស្សទាំងនោះ ក៏បាញ់គ្នាដោយព្រួញខ្លះ ចាក់គ្នាដោយលំពែងខ្លះ បាចសាចដាក់គ្នាដោយអាចម៍គោជ្រាយខ្លះ ញាំញីគ្នាដោយរនាស់ដែកខ្លះ កាប់ក្បាលគ្នាដោយដាវខ្លះ ក្នុងបន្ទាយនោះ មនុស្សទាំងនោះ ដល់នូវសេចក្ដីស្លាប់ខ្លះ ដល់នូវសេចក្ដីទុក្ខស្ទើរនឹងស្លាប់ខ្លះ ក្នុងបន្ទាយនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលគប្បីឃើញចំពោះខ្លួនឯង ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ ម្យ៉ាងទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត មនុស្សទាំងឡាយក៏កាត់នូវជញ្ជំាងផ្ទះខ្លះ ប្លន់ខ្លះ កំហែងយកទ្រព្យក្នុងផ្ទះមួយ ៗ ខ្លះ ឈរស្កាត់ច្រកផ្លូវខ្លះ គប់រកភរិយារបស់អ្នកដទៃខ្លះ។ ព្រះរាជាទាំងឡាយចាប់មនុស្សទាំងនោះបានហើយ ត្រាស់បង្គាប់ឲ្យធ្វើកម្មករណ៍ទាំងឡាយ មានប្រការផ្សេងៗ គឺវាយដោយរំពាត់ខ្លះ វាយដោយផ្ដៅខ្លះ វាយដោយដំបងខ្លីខ្លះ កាត់ដៃខ្លះ កាត់ជើងខ្លះ កាត់ទាំងដៃទាំងជើងខ្លះ កាត់ស្លឹកត្រចៀកខ្លះ កាត់ច្រមុះខ្លះ កាត់ទាំងស្លឹកត្រចៀកទាំងច្រមុះខ្លះ ធ្វើពិលង្គថាលិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាឆ្នាំងដាក់ទឹកជ្រក់ខ្លះ ធ្វើនូវសង្ខមុណ្ឌកកម្ម គឺអំពើដែលគេធ្វើក្បាលឲ្យរលីងដូចជាសម្បកស័ង្ខខ្លះ ធ្វើនូវរាហុមុខកម្ម គឺអំពើដែលគេធ្វើមាត់ឲ្យដូចជាមាត់រាហូខ្លះ ធ្វើនូវជោតិមាលិកកម្ម គឺអំពើដែលធ្វើខ្លួនមនុស្សឲ្យដូចជាផ្កាភ្លើងខ្លះ ធ្វើនូវហត្ថប្បជ្ជោតិកកម្ម គឺអំពើដែលគេដុតដៃខ្លះ ធ្វើនូវឯរកវត្ដិកកម្ម គឺអំពើដែលធ្វើដូចជាពន្លាត់ស្បែកពពែខ្លះ ធ្វើនូវចីរកវាសិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាស្លៀកសំពត់សម្បកឈើខ្លះ ធ្វើនូវឯណេយ្យកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាជើងសត្វទ្រាយខ្លះ ធ្វើនូវពលិសមំសិកកម្ម គឺអំពើដែលគេថ្ពក់មាត់ដោយកាង ឬសន្ទូចខ្លះ ធ្វើនូវកហាបណកកម្ម គឺអំពើដែលគេធ្វើឲ្យខូចសរីរៈប្រមាណប៉ុនកហាបណៈមួយ ៗ ខ្លះ ធ្វើនូវខារាបដិច្ឆកកម្ម គឺអំពើដែលគេយកទឹកផ្សាស្រោចខ្លះ ធ្វើនូវបលិឃបរិវត្ដិកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាបង្វិលជើងគុល ឬសសរគោលខ្លះ ធ្វើនូវបលាលបីឋកកម្ម គឺអំពើដែលគេធ្វើឲ្យដូចជាកណ្ដាប់ចំបើងខ្លះ ស្រោចដោយប្រេងដែលក្ដៅខ្លះ ឲ្យឆ្កែខាំខ្លះ ឲ្យដេកផ្ងារលើឈើអណ្ដោតទាំងរស់ខ្លះ កាត់ក្បាលដោយដាវខ្លះ មនុស្សទាំងនោះ ក៏ដល់នូវសេចក្ដីស្លាប់ខ្លះ ដល់នូវសេចក្ដីទុក្ខស្ទើរតែនឹងស្លាប់ខ្លះក្នុងទីនោះ ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលបុគ្គលឃើញទាន់ភ្នែក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ព្រោះតែមានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ បានជាជនទាំងឡាយប្រព្រឹត្ដទុច្ចរិតដោយកាយ ប្រព្រឹត្ដទុច្ចរិតដោយវាចា ប្រព្រឹត្ដទុច្ចរិតដោយចិត្ដ លុះជនទាំងឡាយនោះ ប្រព្រឹត្ដទុច្ចរិតដោយកាយ ប្រព្រឹត្ដទុច្ចរិតដោយវាចា ប្រព្រឹត្ដទុច្ចរិតដោយចិត្ដហើយ ដល់បែកធ្លាយរាងកាយ បន្ទាប់អំពីមរណៈទៅ ក៏ទៅកើតឯអបាយ ទុគ្គតិ វិនិបាត នរក ម្នាលភិក្ខុទាំងឡាយ នេះឯងជាទោសរបស់កាមទាំងឡាយ ដែលប្រព្រឹត្ដទៅក្នុងបរលោក ជាគំនរនៃទុក្ខ មានកាមជាហេតុ មានកាមជាគ្រឿងប្រគល់ឲ្យនូវផល មានកាមជាគ្រឿងផ្ដួចផ្ដើម ជាបច្ច័យនៃកាមទាំងឡាយ មែនពិត ដូច្នេះ [បិ.២០ ទំ.៣១៤-៣២៣ ឃ.១៩៧–១៩៨។ ក្នុងអដ្ឋកថា ព្រះសូត្រនេះ លោកលើកមកដោយសង្ខេប តែដោយព្រះពុទ្ធដីកាមានសេចក្ដីពីរោះ ទើបយើងលើកយកមកដោយពិស្ដារទុកក្នុងទីនេះ។]។
ប្រៀបធៀបហើយ វត្ថុណាគួរពេញចិត្ត វត្ថុនោះ មានតិច ប្រមាណប៉ុនតំណក់ទឹក ដោយពិត ទុក្ខនោះឯង មានច្រើនក្រៃលែងជាង ដូចទឹកក្នុងមហាសមុទ្ទទាំង ៤ ដោយហេតុនោះ ទើបលោកពោលថា អប្បស្សាទោ ទុក្ខមេវេត្ថ ភិយ្យោ ដូច្នេះ។ បទថា គឡោ [បិដកខ្មែរជា គណ្ឌោ។] ឯសោ សេចក្ដីថា គ្រឿងឧបភោគបរិភោគជាវត្ថុជាប់ចំពាក់ គឺកាមគុណ ៥ នេះ ប្រៀបដូចសន្ទូចដែលបិទនុយ ព្រោះបង្ហាញនូវអារម្មណ៍ជាទីត្រេកអរ ហើយអូសទាញមក។
បទថា ឥតិ ញត្វា មតិមា សេចក្ដីថា បុរសដែលមានការដឹង គឺបណ្ឌិតដឹងយ៉ាងនេះហើយ គប្បីលះការជាប់ចំពាក់ទាំងអស់នោះ ហើយត្រាច់ទៅតែម្នាក់ឯង ដូចកុយរមាសដូច្នោះ។
សង្គគាថា ទី៧ ចប់។
សូមអនុមោទនា !!!
