វគ្គទី៣
វិភូសនដ្ឋានគាថា ទី៥
គាថាថា ខិឌ្ឌំ រតឹ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះរាជាព្រះនាមថា វិភូសកព្រហ្មទត្ដ ក្នុងនគរពារាណសី កាលសោយយាគូ ឬក្រយាស្ងោយអំពីព្រលឹមហើយ ឲ្យជនទាំងឡាយប្រដាប់ព្រះកាយដោយគ្រឿងអលង្ការច្រើនប្រភេទ ហើយទ្រង់ទតព្រះសរីរៈទាំងមូលក្នុងកញ្ចក់ធំ មិនពេញចិត្ដវត្ថុណា ក៏យកវត្ថុនោះចេញ ហើយឲ្យប្រដាប់ដោយគ្រឿងអលង្ការដទៃ។ ថ្ងៃមួយ កាលទ្រង់ធ្វើតាមទម្លាប់ ក៏ដល់ពេលសោយព្រះក្រយាហារថ្ងៃត្រង់ល្មម។ ទ្រង់ផ្អាកការតាក់តែង យកសំពត់ព័ទ្ធព័ន្ធព្រះសីសៈ សោយហើយ ទ្រង់ចូលផ្ទំពេលថ្ងៃ។ កាលទ្រង់ក្រោកឡើង ទ្រង់ធ្វើយ៉ាងនោះដដែលទៀត ព្រះអាទិត្យក៏លិច។ ក្នុងថ្ងៃទី ២ ក្នុងថ្ងៃទី ៣ ក៏យ៉ាងនោះ។ កាលទ្រង់ខ្វល់ខ្វាយតែក្នុងការប្រដាប់តាក់តែងយ៉ាងនោះ រោគត្រង់ព្រះបិដ្ឋិគឺខ្នង ក៏កើតឡើង ទ្រង់ព្រះតម្រិះថា ឱ ! អាត្មាអញធ្លាក់នៅក្នុងការតាក់តែងដោយកម្លាំងទាំងអស់ ក៏មិនល្មមក្នុងគ្រឿងប្រដាប់ដែលសមគួរនេះ ញុំាងសេចក្តីលោភឲ្យកើតឡើង ឈ្មោះថា សេចក្ដីលោភនេះ ធ្វើឲ្យបុគ្គលចូលដល់អបាយ ណ្ហើយចុះ អញនឹងគ្របសង្កត់សេចក្តីលោភនេះ ដូច្នេះហើយ ទ្រង់លះរាជសម្បត្តិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយត្រាស់ឧទានគាថានេះថា
ខិឌ្ឌំ រតឹ កាមសុខញ្ច លោកេ
អនលង្ករិត្វា អនបេក្ខមានោ
វិភូសនដ្ឋានា វិរតោ សច្ចវាទី
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលមិនអើពើ មិនអាឡោះអាល័យ នូវល្បែងផង តម្រេកផង កាមសុខក្នុងលោកផង ជាអ្នកវៀរស្រឡះចាកគ្រឿងស្អិតស្អាង អ្នកពោលនូវពាក្យសច្ចៈ គប្បីប្រព្រឹត្តតែម្នាក់ឯង ដូចកុយរមាស។
ការលេង និងការត្រេកអរក្នុងគាថានេះ បានពោលហើយក្នុងកាលមុននោះឯង។ បទថា កាមសុខំ បានដល់ សេចក្តីសុខក្នុងវត្ថុកាម។ ពិតហើយ វត្ថុកាមទាំងឡាយហៅថា សុខ ព្រោះជាអារម្មណ៍របស់សេចក្តីសុខជាដើម ដូចព្រះមានព្រះភាគត្រាស់ថា
ម្នាលមហលិ តែរូបនេះជាសុខ មានសុខជាប់តាម [បិ.៣៣ ទំ.១៦២ ឃ.១៣១។]។
បុគ្គលមិនពេញចិត្ត គឺមិនធ្វើនូវភាពសមគួរ នូវការលេង នូវការត្រេកអរនិងនូវកាមសុខនោះ ក្នុងឱកាសលោកនេះ យ៉ាងនេះហើយ មិនកាន់យកវត្ថុនោះថា ជាការរុងរឿង ឬមិនកាន់យកវត្ថុនោះថា ជាសារៈ។
បទថា អនបេក្ខមានោ បានដល់ មានប្រក្រតីមិនសម្លឹង គឺមិនមានការចង់បាន មិនមានសេចក្ដីល្មោភ ដោយការធ្វើនូវការពេញចិត្តនោះ។ ក្នុងបទថា វិភូសនដ្ឋានា វិរតោ សច្ចវាទី នេះ គប្បីឃើញអត្ថយ៉ាងនេះថា គ្រឿងប្រដាប់មាន ២ យ៉ាង គឺគ្រឿងប្រដាប់សម្រាប់ឃរាវាស ១ គ្រឿងប្រដាប់សម្រាប់បព្វជិត ១ ។ គ្រឿងប្រដាប់សម្រាប់ឃរាវាស មានសំពត់សាដក សំពត់ជួតក្បាល ផ្កា និងគ្រឿងក្រអូបជាដើម ចំណែកគ្រឿងប្រដាប់សម្រាប់បព្វជិត មានគ្រឿងតាក់តែង គឺបាត្រជាដើម។ គ្រឿងប្រដាប់នោះឯង ឈ្មោះថា វិភូសនដ្ឋាន។ វៀរចាកឋានៈនៃការប្រដាប់នោះ ដោយវិរតិ ៣ យ៉ាង។ ឈ្មោះថា សច្ចវាទី ព្រោះពោលមិនខុសចាកការពិត ដូច្នេះ។
វិភូសនដ្ឋានគាថា ទី៥ ចប់។
សូមអនុមោទនា !!!
