វគ្គទី៤
អប្បមញ្ញាគាថា ទី៩
គាថាថា មេត្តំ ឧបេក្ខំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះរាជាមួយអង្គទ្រង់បានមេត្ដាឈានជាដើម ទ្រង់ព្រះតម្រិះថា រាជសម្បត្ដិជាអន្ដរាយចំពោះសុខក្នុងឈាន។ ដើម្បីរក្សាឈាន ទើបទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ ហើយបានពោលឧទានគាថានេះថា
មេត្តំ ឧបេក្ខំ ករុណំ វិមុត្តឹ
អាសេវមានោ មុទិតញ្ច កាលេ
សព្វេន លោកេន អវិរុជ្ឈមានោ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលកាលចម្រើននូវមេត្ដា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេសក្នុងកាលដ៏គួរ មិនខឹងសម្បានឹងលោកទាំងពួង គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
ក្នុងគាថានោះ ភាពជាអ្នកប្រាថ្នាដើម្បីនាំចូលមកនូវហិតសុខដោយន័យថា សព្វេ សត្តា សុខិតា ហោន្តុ សូមសត្វទាំងឡាយមានសេចក្តីសុខចុះ ដូច្នេះជាដើម ឈ្មោះថា មេត្តា។ ភាពជាអ្នកប្រាថ្នាដើម្បីនាំចេញទៅនូវអហិតទុក្ខ ដោយន័យថា អហោ វត ឥមម្ហា ទុក្ខា មុច្ចេយ្យុំ ឱហ្ន៎ ! សូមសត្វទាំងឡាយ គប្បីផុតចាកទុក្ខនេះ ដូច្នេះជាដើម ឈ្មោះថា ករុណា។ ភាពជាអ្នកប្រាថ្នាដើម្បីមិនឲ្យសត្វទាំងឡាយព្រាត់ប្រាសចាកហិតសុខ ដោយន័យថា មោទន្តិ វត ភោន្តោ សត្តា មោទន្តិ សាធុ សុដ្ឋុ សត្វទាំងឡាយត្រេកអរពិតហ្ន៎ រីករាយពិតហ្ន៎ ល្អប្រពៃហ្ន៎ ដូច្នេះជាដើម ឈ្មោះថា មុទិតា។ ភាពជាអ្នកព្រងើយក្នុងសុខ និងទុក្ខទាំងឡាយថា បញ្ញាយិស្សន្តិ សកេន កម្មេន សត្វទាំងឡាយនឹងប្រាកដដោយកម្មរបស់ខ្លួនដូច្នេះ ឈ្មោះថា ឧបេក្ខា។ តែលោកពោលមេត្តាហើយពោលឧបេក្ខា ហើយពោលមុទិតាក្នុងកាលជាខាងក្រោយ ដោយប្តូរលំដាប់ទាំងនេះ ដើម្បីងាយស្រួលក្នុងការចងគាថា។
បទថា វិមុត្តឹ បានដល់ ធម៌ ៤ នេះ ឈ្មោះថា វិមុត្តិ ព្រោះជាធម៌ផុតហើយចាកធម៌ដែលជាសត្រូវទាំងឡាយរបស់ខ្លួន។ ព្រោះហេតុនោះ ទើបព្រះបច្ចេកពុទ្ធ ពោលថា
មេត្តំ ឧបេក្ខំ ករុណំ វិមុត្តឹ
អាសេវមានោ មុទិតញ្ច កាលេ
បុគ្គលកាលចម្រើននូវមេត្តា ឧបេក្ខា ករុណា និងមុទិតា ជាហេតុរួចចាកកិលេស ក្នុងកាលដ៏គួរ ។
ក្នុងគាថានោះ បទថា អាសេវមានោ បានដល់ អប់រំនូវធម៌ទាំងឡាយ ៣ ដោយអំណាចនៃឈានពួក ៣ និងឈានពួក ៤ អប់រំនូវឧបេក្ខាដោយអំណាចនៃចតុត្ថជ្ឈាន។ បទថា កាលេ បានដល់ បុគ្គលចម្រើនមេត្តាហើយ ចេញចាកមេត្តានោះ ហើយសេពករុណា ចេញចាកករុណានោះ ហើយសេពមុទិតា ចេញចាកមុទិតានោះ ឬចាកឈាននោះ ដែលមិនមានបីតិក្រៅអំពីនេះ ហើយសេពឧបេក្ខា ហៅថា កាលេ អាសេវមានោ សេពក្នុងកាលសមគួរ ឬហៅថា សេពក្នុងកាលដែលជាផាសុកដើម្បីនឹងសេព។ បទថា សព្វេន លោកេន អវិរុជ្ឈមានោ បានដល់ មិនប្រទូស្តនឹងសត្វលោកទាំងពួងក្នុងទិសទាំង ១០។ ពិតហើយ ព្រោះភាពដែលធម៌ទាំងឡាយ មានមេត្តាជាដើម ដែលខ្លួនចម្រើនហើយ សត្វទាំងឡាយក៏ជាអ្នកមិនគួរស្អប់ខ្ពើម ឯបដិឃៈដែលនាំឲ្យក្រោធក្នុងសត្វទាំងឡាយ រមែងស្ងប់រម្ងាប់។ ព្រោះហេតុនោះ ទើបព្រះបច្ចេកពុទ្ធពោលថា សព្វេន លោកេន អវិរុជ្ឈមានោ។ សេចក្តីសង្ខេបក្នុងគាថានេះ មានប្រមាណប៉ុណ្ណេះ ចំណែកមេត្តាទិកថា ខ្ញុំបានពោលទុកហើយក្នុងអដ្ឋកថា ធម្មសង្គហៈ ឈ្មោះអដ្ឋសាលិនី។ បទដ៏សេសដូចគ្នានឹងន័យមុននោះឯង។
អប្បមញ្ញាគាថា ទី៩ ចប់។
សូមអនុមោទនា !!!
