បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

អារទ្ធវីរិយគាថា ទី៤

គាថាថា អារទ្ធវីរិយោ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាបច្ចន្ដប្បទេសមួយអង្គ មានទាហានជាពលនិកាយ ១ ពាន់នាក់ ជាអ្នកមានរាជសម្បត្ដិតិចតួច តែជាអ្នកមានបញ្ញាច្រើន។ ថ្ងៃមួយ ទ្រង់ព្រះតម្រិះថា អាត្មាអញជាស្តេចក្រីក្រ ក៏ ពិតមែន តែអាត្មាអញមានបញ្ញា អាចដណ្តើមយកជម្ពូទ្វីបទាំងមូលបាន ដូច្នេះហើយ ទ្រង់ក៏បញ្ជូនទូតទៅព្រះបាទសាមន្តរាជថា  ក្នុងខាងក្នុង ៧ ថ្ងៃ ចូរឲ្យរាជសម្បត្តិដល់យើង ឬក៏ច្បាំង។ បន្ទាប់អំពីនោះ ទ្រង់ប្រជុំពួកអាមាត្យរបស់ព្រះអង្គ ហើយត្រាស់ថា យើងមិនបានប្រឹក្សាជាមួយពួកអ្នក បានធ្វើការដោយឆាប់រួសរាន់ បានបញ្ជូនទូតយ៉ាងនេះ ដល់ព្រះរាជាឈ្មោះនោះ នឹងគប្បីធ្វើដូចម្តេច។

អាមាត្យទាំងនោះក្រាបទូលថា បពិត្រមហារាជ ទ្រង់អាចហៅទូតនោះឲ្យត្រឡប់បានឬ ។ ព្រះរាជាត្រាស់ថា មិនអាចទេ ទូតនោះបានទៅហើយ។

អាមាត្យទាំងឡាយពោលថា បើយ៉ាងនោះ ពួកទូលបង្គំត្រូវព្រះអង្គធ្វើឲ្យវិនាសហើយ បើដូច្នោះ ការស្លាប់ដោយដៃរបស់អ្នកដទៃ ជាទុក្ខពួកទូលព្រះបង្គំនឹងសម្លាប់គ្នានឹងគ្នាឲ្យស្លាប់ នឹងសម្លាប់ខ្លួនឲ្យស្លាប់ ឬចង-ក ឲ្យស្លាប់ បរិភោគថ្នាំពិសឲ្យស្លាប់។ បណ្ដាអាមាត្យទាំងនោះអាមាត្យនីមួយៗ បានពណ៌នាដល់សេចក្តីស្លាប់យ៉ាងនេះប៉ុណ្ណោះ។

បន្ទាប់អំពីនោះ ព្រះរាជាត្រាស់ថា ប្រយោជន៍អ្វីដោយអាមាត្យទាំងនេះ យើងមានទាហាន ដូច្នេះ។ លំដាប់នោះ ទាហានទាំងមួយពាន់នាក់នោះ ក្រោកឡើង ក្រាបទូលថា បពិត្រមហារាជ ទូលព្រះបង្គំជាទាហាន បពិត្រមហារាជ ទូលព្រះបង្គំជាទាហាន។

ព្រះរាជាទ្រង់ព្រះតម្រិះថា អញនឹងសាកល្បងទាហានទាំងនេះ ដូច្នេះហើយ ទ្រង់ឲ្យត្រៀមជើងថ្ករធំទុក ត្រាស់ថា នែអ្នកទាំងឡាយ យើងបានធ្វើការរួសរាន់ឈ្មោះនេះ ពួកអាមាត្យជំទាស់ការធ្វើរបស់យើង យើងនឹងលោតចូលជើងថ្ករ អ្នកណាស្ម័គ្រចិត្តលោតទៅជាមួយយើង អ្នកណាព្រមលះបង់ជីវិតដើម្បីយើង។ កាលព្រះរាជាត្រាស់យ៉ាងនេះហើយ ទាហាន ៥០០ នាក់ នាំគ្នាក្រោកឡើងពោលថា បពិត្រមហារាជ ទូលព្រះបង្គំទាំងឡាយ នឹងលោតចូលទៅ។

លំដាប់នោះ ព្រះរាជាត្រាស់នឹងទាហាន ៥០០ នាក់ទៀតថា នែបាទាំងឡាយ ឥឡូវនេះ ពួកអ្នកនឹងធ្វើដូចម្តេច។

ទាហាន ៥០០ នោះ ក្រាបទូលថា បពិត្រមហារាជ នេះមិនមែនជាការធ្វើរបស់កូនប្រុសទេ នេះជាការប្រព្រឹត្តរបស់មនុស្សស្រី សេចក្តីពិត មហារាជទ្រង់បញ្ជូនទូតដល់អរិរាជ (ស្ដេចជាសត្រូវ) ហើយ ពួកទូលព្រះបង្គំនឹងច្បាំងជាមួយព្រះរាជានោះ ដរាបដល់ជីវិតចុងក្រោយ។  បន្ទាប់អំពីនោះ ព្រះរាជាត្រាស់ថា ពួកអ្នករមែងលះបង់ជីវិតដើម្បីយើង ដូច្នេះហើយ ទ្រង់ត្រៀមចតុរង្គសេនា ចោមរោមដោយទាហាន ១ ពាន់ យាងទៅប្រថាប់គង់ត្រង់ជាយដែនរជ្ជសីមា។ ឯព្រះបាទបដិរាជនោះ ទ្រង់ស្តាប់ព្រឹត្តិការណ៍នោះហើយ ទ្រង់ព្រះតម្រិះថា អើហ្ន៎ ស្តេចខុទ្ទករាជនេះ មិនល្មមធ្វើជាទាសៈរបស់អញ ដូច្នេះហើយ ទ្រង់លើកកងទ័ពទាំងអស់ចេញច្បាំង។

ព្រះបាទខុទ្ទករាជទ្រង់ឃើញព្រះបាទបដិរាជនោះ លើកកងទ័ពមកប្រឈមមុខ ទើបត្រាស់នឹងពលនិកាយ​ថា នែប្រស្ដែងទាំងឡាយ ពួកអ្នកមានគ្នាមិនច្រើនទេ អ្នកទាំងអស់ចូលរួមគ្នា កាន់ដាវនិងខែល រត់តម្រង់ទៅខាងមុខព្រះរាជានោះ ដោយរហ័ស។ ទាហានទាំងនោះ បានធ្វើតាមព្រះរាជតម្រាស់។ លំដាប់នោះ កងទ័ពរបស់ព្រះរាជានោះ បានបែកចេញជាពីរចំណែក បើកឱកាសដល់ពួកទាហានទាំងនោះ ចាប់ព្រះរាជានោះបានទាំងរស់  ពួកទាហានដទៃ ក៏បាក់បែកខ្ចាត់ខ្ចាយទៅ។ ព្រះបាទខុទ្ទករាជទ្រង់ស្ទុះទៅខាងមុខ ដោយព្រះតម្រិះថា នឹងសម្លាប់ព្រះរាជានោះ ព្រះបាទបដិរាជទ្រង់ទូលសូមអភ័យអំពីព្រះបាទខុទ្ទករាជនោះ។ បន្ទាប់អំពីនោះ ព្រះបាទខុទ្ទករាជទ្រង់ប្រទានអភ័យដល់ព្រះ បាទបដិរាជនោះ ទ្រង់ឲ្យព្រះបាទបដិរាជនោះ ធ្វើនូវការស្បថ ធ្វើឲ្យជាគ្នារបស់ព្រះអង្គ ហើយទ្រង់ផ្តើមចាប់ព្រះរាជាអង្គដទៃទាំងរស់ទៀត។ ព្រះបាទខុទ្ទករាជ ទ្រង់យាងទៅមួយអន្លើដោយព្រះបាទបដិរាជនោះ ប្រថាប់ឈរត្រង់ជាយដែនរជ្ជសីមារបស់ព្រះបាទបដិរាជនោះ បញ្ជូនដំណឹងទៅថា ចូរឲ្យរាជសម្បត្តិដល់យើង ឬក៏ច្បាំង ព្រះរាជានោះទ្រង់ព្រះតម្រិះថា យើងមិនហ៊ានច្បាំង ទើបប្រគល់រាជសម្បត្តិ។ ដោយឧបាយនោះឯង ព្រះរាជាទាំងឡាយនោះ ក៏ទ្រង់ចាញ់ ព្រះរាជាទាំងឡាយនោះ ទ្រង់មិនច្បាំង ប្រគល់រាជសម្បតិ្តថ្វាយព្រះបាទខុទ្ទករាជ ក្នុងទីបំផុត ព្រះបាទខុទ្ទករាជនោះ ទ្រង់នាំព្រះរាជាទាំងអស់ទៅចាប់ព្រះបាទពារាណសី។

ព្រះបាទខុទ្ទករាជនោះ ទ្រង់មានព្រះរាជា ១០១ ចោមរោម ទ្រង់គ្រប់គ្រងរាជសម្បតិ្តក្នុងជម្ពូទ្វីបទាំងមូល។ ក្នុងកាលតមក ទ្រង់ព្រះតម្រិះថា ក្នុងកាលមុន អញជាអ្នកក្រីក្រ បានជាធំក្នុងជម្ពូទ្វីបទាំងមូល ដោយញាណសម្បត្តិរបស់ខ្លួន។ ញាណសម្បតិ្តរបស់អញប្រកបដោយ លោកិយវីរិយៈ ញាណនេះ រមែងមិនប្រព្រឹត្តទៅដើម្បីនិព្វិទា រមែងមិនប្រព្រឹត្តទៅដើម្បីប្រាសចាករាគៈឡើយ បើដូច្នោះ អាត្មាអញគប្បីស្វែងរកលោកុត្តរធម៌ដោយញាណនេះ។ បន្ទាប់អំពីនោះ ទើបទ្រង់ព្រះរាជទានរាជសម្បតិ្តដល់ព្រះបាទពារាណសី ទ្រង់បញ្ជូនព្រះរាជបុត្តនិងព្រះមហេសីឲ្យត្រឡប់ទៅកាន់ជនបទរបស់ខ្លួនរៀបរយហើយ ទ្រង់លះបង់ទាំងអស់ ហើយចេញបួស ប្រារព្ធវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលទ្រង់សម្ដែងវីរិយសម្បត្តិរបស់ព្រះអង្គ ទើបត្រាស់ឧទានគាថានេះថា

អារទ្ធវីរិយោ បរមត្ថបត្តិយា

អលីនចិត្តោ អកុសីតវុត្តិ

ទឡ្ហនិក្កមោ ថាមពលូបបន្នោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលប្រារព្ធព្យាយាមដើម្បីដល់នូវព្រះនិព្វាន មានចិត្ដមិនរួញរា មានការប្រព្រឹត្ដមិនខ្ជិលច្រអូស មានសេចក្ដីប្រឹងប្រែងដ៏មាំមួន ប្រកបដោយកម្លាំងកាយ និងកម្លាំងបញ្ញាហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ក្នុងឧទានគាថានោះ គប្បីជ្រាបពាក្យអធិប្បាយដូចតទៅនេះថា ឈ្មោះថា ជាអ្នកប្រារព្ធសេចក្ដីព្យាយាម ព្រោះមានសេចក្ដីព្យាយាមប្រារព្ធហើយ។ ដោយបទនេះ លោកសម្ដែងថា លោកជាបុគ្គលមានសេចក្ដីព្យាយាមធំក្រៃលែង។ ព្រះនិព្វានលោកហៅថា បរមត្ថ ការសម្រេចនិព្វាននោះ ឈ្មោះថា បរមត្ថបត្ដិ។ ដើម្បីសម្រេចនិព្វានដែលឈ្មោះថា បរមត្ថ នោះ។ ដោយបទនេះ លោកសម្ដែងដល់ផលដែលគប្បីសម្រេច ដោយការប្រារព្ធសេចក្ដីព្យាយាមនោះ។

បទថា អលីនចិត្ដោ នេះ លោកសម្ដែងនូវការមិនរួញរារបស់ចិត្ដ និងចេតសិក ដែលមានសេចក្ដីព្យាយាមជាគ្រឿងឧបត្ថម្ភ។

ដោយបទថា អកុសីតវុត្ដិ នេះ លោកសម្ដែងដល់ការមិនលិចចុះនៃកាយក្នុងការឈរ និងការចង្ក្រមជាដើម។ សម្ដែងសេចក្តីព្យាយាមដែលតាំងមាំប្រព្រឹត្តទៅហើយយ៉ាងនេះថា សូមឲ្យស្បែក សរសៃ និងឆ្អឹង សល់នៅចុះ [បិ.២៣ ទំ.៤០៥ ឃ.២៣៩ ;  បិ.៤០ ទំ.១១០ ឃ.២៥១ ; បិ.៦៤  ទំ.១២៣ ឃ.៨១។] ដោយពាក្យថា ទឡ្ហនិក្កមោ នេះ។

បុគ្គលដែលផ្ដើមតាំងទុកក្នុងអនុបុព្វសិក្ខាជាដើម លោកហៅថា កាយេន ចេវ បរមត្ថសច្ចំ សច្ឆិករោតិ  ធ្វើឲ្យជាក់ច្បាស់នូវបរមត្ថសច្ចៈដោយកាយ។

ម្យ៉ាងទៀត ដោយបទថា ទឡ្ហនិក្កមោ នេះ លោកសម្ដែងដល់សេចក្ដីព្យាយាម ដែលសម្បយុត្ដដោយមគ្គ។ សេចក្ដីព្យាយាមនោះ ឈ្មោះថា ទឡ្ហ ព្រោះដល់នូវភាពបរិបូណ៌នៃភាវនា ឈ្មោះថា និក្កម ព្រោះចេញចាកសត្រូវដោយប្រការទាំងពួង ព្រោះហេតុនោះ បុគ្គលដែលដល់ព្រមដោយសេចក្ដីព្យាយាមនោះ លោកហៅថា ទឡ្ហនិក្កមោ ព្រោះមានសេចក្ដីព្យាយាមជាគ្រឿងឈមចុះដ៏មាំ។

បទថា ថាមពលូបបន្នោ បានដល់ បុគ្គលដែលប្រកបដោយកម្លាំងកាយ និងកម្លាំងញាណ ក្នុងមគ្គខណៈ។ ម្យ៉ាងទៀត បានដល់ បុគ្គលប្រកបដោយពលៈដែលជាកម្លាំង អធិប្បាយថា ជាអ្នកប្រកបដោយកម្លាំងញាណដ៏មាំទាំ។ ដោយបទថា ថាមពលូបបន្នោ នេះ លោកសម្ដែងដល់ការប្រកបព្រមដោយវិបស្សនាញាណ នៃសេចក្ដីព្យាយាមនោះ ទើបធ្វើបធាន គឺសេចក្ដីព្យាយាមជាគ្រឿងប្រកប ឲ្យសម្រេច។ ម្យ៉ាងទៀត គប្បីប្រកបបាទទាំង ៣ ដោយអំណាចសេចក្ដីព្យាយាមដែលជាខាងដើម កណ្ដាល និងឧក្រិដ្ឋ។ ពាក្យដ៏សេស មានន័យដូចបានពោលហើយនុ៎ះឯង។

អារទ្ធវីរិយគាថា ទី៤ ចប់។

សូមអនុមោទនា !!!

Oben-pfeil