វគ្គទី៤
អាវរណគាថា ទី២
គាថាថា បហាយ បញ្ចាវរណានិ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ជាអ្នកបានបឋមជ្ឈាន កាលទ្រង់រក្សាឈាននោះ ទើបលះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ហើយសម្រេចបច្ចេកពោធិញ្ញាណ កាលសម្ដែងបដិបទាក្នុងការបដិបត្ដិរបស់ព្រះអង្គ ទើបត្រាស់ឧទានគាថានេះថា
បហាយ បញ្ចាវរណានិ ចេតសោ
ឧបក្កិលេសេ ព្យបនុជ្ជ សព្វេ
អនិស្សិតោ ឆេជ្ជ សិនេហទោសំ
ឯកោ ចរេ ខគ្គវិសាណកប្បោ។
បុគ្គលលះបង់នូវហេតុ ជាគ្រឿងរារាំង ៥ យ៉ាង របស់ចិត្ដ បន្ទោបង់នូវឧបក្កិលេសទាំងពួង ទាំងមិនអាស្រ័យ (ដោយតណ្ហានិងទិដ្ឋិ) កាត់បង់នូវទោសនៃសេចក្ដីស្រឡាញ់ហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
បណ្ដាបទទាំងនោះ បទថា បញ្ចាវរណានិ បានដល់ នីវរណៈ៥ នុ៎ះឯង។ នីវរណៈ ៥ នោះ ដោយអត្ថបានពោលហើយក្នុងឧរគសូត្រ (ក្នុងខុទ្ទកនិកាយ សុត្តនិបាត) ព្រោះនីវរណៈទាំងនោះ រារាំងចិត្ដដូចពពកជាដើម បិទបាំងព្រះចន្ទ និងព្រះអាទិត្យដូច្នោះ ទើបហៅថា ជាគ្រឿងរារាំងចិត្ដ អធិប្បាយថា គប្បីលះ គឺលះផ្ដាច់នូវនីវរណៈទាំងនោះ ដោយឧបចារសមាធិឬអប្បនាសមាធិ។ បទថា ឧបក្កិលេសេ បានដល់ អកុសលធម៌ដែលចូលទៅបៀតបៀនចិត្ដ។ ម្យ៉ាងទៀត បានដល់ អភិជ្ឈាជាដើម ដែលពោលក្នុងវត្ថោបមសូត្រ (វត្ថូបមសូត្រ) ជាដើម។
បទថា ព្យបនុជ្ជ ប្រែថា បន្ទោបង់ អធិប្បាយថា លះដោយវិបស្សនានិងមគ្គ។ បទថា សព្វេ បានដល់ មិនមានសេសសល់។ បុគ្គលដល់ព្រមដោយសមថ និងវិបស្សនាយ៉ាងនេះ ឈ្មោះថា ដែលតណ្ហានិងទិដ្ឋិមិនអាស្រ័យ ព្រោះលះទិដ្ឋិនិស្ស័យបានហើយ ដោយបឋមមគ្គ។ កាត់នូវទោស គឺសេចក្ដីស្រឡាញ់ អធិប្បាយថា លះតណ្ហានិងរាគៈដែលប្រព្រឹត្ដទៅក្នុងធាតុទាំង ៣ ដោយមគ្គដ៏សេស។ ពិតហើយ សេចក្ដីស្រឡាញ់នុ៎ះឯង លោកហៅថា សិនេហទោស ព្រោះជាបដិបក្ខចំពោះគុណ។ ពាក្យដ៏សេស មានន័យដូចបានពោលហើយនោះឯង។
អាវរណគាថា ទី២ ចប់។
សូមអនុមោទនា !!!
