បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

ទាឋពលីគាថា ទី៨

គាថាថា សីហោ យថា ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបាទពារាណសីមួយអង្គ ដើម្បីញ៉ាំងជនបទជាយដែនដែលបះបោរឲ្យស្ងប់ ទើបទ្រង់វៀរចាកការធ្វើដំណើរតាមលំដាប់នៃស្រុក យាងតាមផ្លូវកាត់ក្នុងព្រៃដែលជាផ្លូវត្រង់ យាងទៅដោយកងទ័ពធំ។ ក្នុងសម័យនោះ  ត្រង់ជើងភ្នំមួយកន្លែង មានរាជសីហ៍ដេកយកកម្ដៅព្រះអាទិត្យដែលស្រទន់។ រាជបុរសទាំងឡាយឃើញរាជសីហ៍នោះ  ក៏ក្រាបទូលព្រះរាជា។ ព្រះរាជាទ្រង់ព្រះតម្រិះថា បានឮថា រាជសីហ៍មិនតក់ស្លុត ទើបឲ្យធ្វើសំឡេង  មានសំឡេងស្គរធំ និងស្គរតូចជាដើម។ ឯរាជសីហ៍ក៏នៅតែដេកដដែល  ទ្រង់ឲ្យធ្វើសំឡេងជាលើកទី២ រាជសីហ៍ក៏នៅតែដេកដដែល ទ្រង់ឲ្យធ្វើសំឡេងជាលើកទី៣។ កាលនោះ រាជសីហ៍គិតថា បុគ្គលជាសត្រូវរបស់អញ គង់មាន ទើបឈរយ៉ាងមាំដោយជើងទាំង៤ ហើយបន្លឺសីហនាទ។ ហ្មដំរីជាដើម បានស្ដាប់សំឡេងសីហនាទនោះ ក៏ចុះអំពីដំរីជាដើម គេចចូលទៅពួនត្រង់គុម្ពស្មៅ ពួកសេះនិងពួកដំរី រត់ខ្ចាត់ខ្ចាយទៅក្នុងទិសផ្សេងៗ ដំរីរបស់ព្រះរាជាក៏នាំព្រះរាជាវែកព្រៃស្បាតរត់ទៅ។ ព្រះរាជាមិនអាចគង់លើដំរីបាន ទ្រង់តោងមែកឈើ ហើយទម្លាក់ខ្លួនមកលើផែនដី យាងទៅតាមផ្លូវដែលដើរបានតែម្នាក់ ដល់លំនៅរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ ទ្រង់ត្រាស់សួរព្រះបច្ចេកពុទ្ធទាំងឡាយក្នុងទីនោះថា បពិត្រលោកម្ចាស់ដ៏ចម្រើនទាំងឡាយ លោកម្ចាស់ទាំងឡាយ បានឮសំឡេងខ្លះដែរឬ។ ព្រះបច្ចេកពុទ្ធទាំងនោះតបថា  ថ្វាយព្រះពរមហារាជ បានឮ។

ព្រះរាជាត្រាស់សួរថា បពិត្រលោកម្ចាស់ តើសំឡេងអ្វី។ ព្រះបច្ចេកពុទ្ធតបថា ដំបូងជាសំឡេងស្គរ សំឡេងស័ង្ខជាដើម ក្រោយមកជាសំឡេងរាជសីហ៍។

ព្រះរាជាត្រាស់សួរថា លោកម្ចាស់ទាំងឡាយ មិនខ្លាចទេឬ។ ព្រះបច្ចេកពុទ្ធទាំងឡាយពោលថា មហាបពិត្រ អាត្មាទាំងឡាយមិនខ្លាចចំពោះសំឡេងណាមួយឡើយ។

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ដ៏ចម្រើន លោកម្ចាស់អាចធ្វើខ្ញុំឲ្យជាបុគ្គលបែបនោះ បានដែរឬទេ។ ព្រះបច្ចេកពុទ្ធទាំងឡាយពោលថា អាច មហារាជ បើទ្រង់បួស។

ព្រះរាជាត្រាស់ថា បពិត្រលោកម្ចាស់ ខ្ញុំនឹងបួស ។ លំដាប់នោះ ព្រះបច្ចេកពុទ្ធទាំងឡាយឲ្យព្រះរាជាបួស ហើយឲ្យសិក្សាអភិសមាចារិកវត្ដ ដោយន័យដូចពោលហើយខាងដើមនុ៎ះឯង។ ព្រះរាជាទ្រង់ចម្រើនវិបស្សនា ដោយន័យដូចពោលហើយក្នុងកាលមុននុ៎ះឯង ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ បានត្រាស់ឧទានគាថានេះថា

សីហោ យថា ទាឋពលី បសយ្ហ

រាជា មិគានំ អភិភុយ្យចារី

សេវេថ បន្តានិ សេនាសនានិ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

សីហៈជាស្ដេចសត្វ មានចង្កូមជាកម្លាំង ប្រព្រឹត្ដគ្របសង្កត់ កំហែងនូវពួកម្រឹគ យ៉ាងណា បុគ្គលគប់រកនូវសេនាសនៈដ៏ស្ងាត់ (មានព្រៃជាគ្រឿងអាង) ក៏យ៉ាងនោះដែរ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ក្នុងគាថានោះ ឈ្មោះថា សីហៈ ព្រោះអត់ធន់ ព្រោះសម្លាប់ និងព្រោះស្ទុះទៅដោយរហ័ស។ ក្នុងអដ្ឋកថា សីហសូត្រ [ស្រង់ចាកអដ្ឋកថា សីហសូត្រ បិ.៣៣ ទំ.១៩៧  ឃ.១៥៥។] លោកពោលទុកថា សីហៈមាន ៤ ប្រភេទ គឺតិណសីហៈ ១ កាឡសីហៈ ១ បណ្ឌុសីហៈ ១ កេសរសីហៈ ១។ ក្នុងសីហៈទាំងនោះ តិណសីហៈស៊ីស្មៅដូចមេគោដែលមានពណ៌ដូចសត្វព្រាប។ កាឡសីហៈក៏ស៊ីស្មៅដូចមេគោសម្បុរខ្មៅ ។ បណ្ឌុសីហៈស៊ីសាច់ មានសម្បុរដូចមេគោមានសម្បុរដូចស្លឹកឈើទុំ។ កេសរសីហៈប្រកបដោយមុខ ចុងកន្ទុយ និងចុងជើងទាំង ៤ ដូចគេយកទឹកល័ក្ដមកតាក់តែង តាំងអំពីក្បាលរបស់កេសរសីហៈ នោះចុះទៅ មានស្នាម ៣ ឆ្នូត ដូចគេគូរទុកដោយល័ក្ដ ឬជាតិហិង្គុ រហូតដល់ខាងក្នុងភ្លៅ ជារង្វង់ទក្ខិណាវដ្ដ។ ចំណែកត្រង់ដងរបស់សីហៈនោះ មានរោមជាកម្រង គឺកេសរជារង្វង់ ដូចគេចងទុកដោយសំពត់កម្ពលក្រហមមានតម្លៃរាប់សែន។ ឯអវយវៈដ៏សេសក្នុងរាងកាយ មានពណ៌សសុទ្ធ ដូចដុំម្សៅស្រូវសាលីសុទ្ធ ឬដូចដុំលម្អិតនៃស័ង្ខ។ បានឮថា កេសរសីហៈអាស្រ័យនៅក្នុងគុហាមាស គុហាប្រាក់ គុហាកែវមណី គុហាកែវផលិកនិងគុហាមនោសិលា (គុហាណាមួយ)។ កេសរសីហៈនេះ កាលនឹងចេញអំពីគុហា រមែងចេញដោយហេតុ ៤ យ៉ាង គឺត្រូវងងឹតបៀតបៀន ចេញទៅដើម្បីត្រូវការពន្លឺ ១ ឈឺបន្ទោបង់ឧច្ចារបស្សាវៈ ចេញទៅដើម្បីបន្ទោបង់ឧច្ចារបស្សាវៈ ១ ត្រូវសេចក្ដីឃ្លានបៀតបៀន ចេញទៅដើម្បីចាប់ចំណី ១ ត្រូវការបន្ដពូជបៀតបៀន ចេញទៅដើម្បីមេថុន ១។

កេសរសីហៈ កាលបន្លឺសីហនាទ លាតជើងក្រោយទាំង ២ ឲ្យស្មើគ្នាលើផ្ទៃគុហាមាស ឬលើផ្ទៃគុហាប្រាក់ គុហាកែវមណី គុហាកែវផលិក ឬគុហាមនោសិលា គុហាណាមួយ សណ្ដូកជើងមុខត្រង់ទៅមុខ បន្ទាបដងខ្លួនចំណែកខាងក្រោយ អើតចំណែកខាងមុខ ចំកោងខ្នង អើតឡើង រលាស់នូវធូលីដែលជាប់ត្រង់ខ្លួន សំឡេងរលាស់ហាក់បីដូចសំឡេងរន្ទះ។ កេសរសីហៈនោះ រត់ត្រឡប់ទៅត្រឡប់មកលើទីមិតពត់នោះឯង ដូចកូនគោជំទង់ដូច្នោះ កាលកំពុងរត់ទៅរត់មក រាងកាយប្រាកដក្នុងទីងងឹត ដូចអង្កត់ភ្លើងដែលគេគ្រវែងឲ្យវិល ដូច្នោះ។ មុនបន្លឺសីហនាទ កេសរសីហៈ រមែងសម្លឹងមើលឆ្វេងស្ដាំ។

សួរថា ព្រោះហេតុអ្វី ទើបកេសរសីហៈសម្លឹងមើល។

ឆ្លើយថា ព្រោះអាណិតសត្វដទៃ។ បានឮថា កាលកេសរសីហៈបញ្ចេញសំឡេង សត្វទាំងឡាយ មានដំរី ខ្ទីង ក្របីជាដើម ដើររកស៊ីក្បែរជ្រោះ ឬអណ្ដូង ក៏នឹងផ្អើលធ្លាក់ទៅក្នុងជ្រោះខ្លះ ក្នុងអណ្ដូងខ្លះ ទើបក្រឡេកមើលឆ្វេងស្ដាំ  ព្រោះការអាណិតអាសូរសត្វទាំងនោះ។

សួរថា កេសរសីហៈជាសត្វធ្វើកិច្ចដូចព្រានព្រៃ ស៊ីសាច់របស់សត្វដទៃជានិច្ច នៅមានការអាណិតអាសូរដែរឬ។

ឆ្លើយថា មាន ពិតហើយ កេសរសីហៈមិនចាប់សត្វតូចៗ ដើម្បីជាអាហាររបស់ខ្លួន ដោយគិតថា ប្រយោជន៍អ្វីរបស់អញដោយសត្វជាច្រើនដែលត្រូវសម្លាប់ដូច្នេះ។ កេសរសីហៈធ្វើការអាណិតអាសូរដោយអាការយ៉ាងនេះ។ សេចក្ដីនោះ សមដូចព្រះមានព្រះភាគត្រាស់ទុកថា

អាត្មាអញកុំធ្វើពួកសត្វតូចៗ ដែលដើរទៅរកស៊ីក្នុងទីក្រហេងក្រហូងឲ្យស្លាប់ [បិ.៥០ ទំ.៧៣ ឃ.២១។]។

ដំបូងកេសរសីហៈបន្លឺសំឡេងរបស់អ្នកអង់អាច (សីហនាទ) មិនភ័យខ្លាច ៣ ដង។ ក៏កាលកេសរសីហៈឈរលើទីសម្រាប់មិតពត់ បន្លឺសំឡេងកងរំពងជាសំឡេងតែមួយ ជុំទិស អស់ទីប្រមាណ ៣ យោជន៍ ពួកសត្វជើង ២ និងជើង ៤ ដែលនៅខាងក្នុងទី ៣ យោជន៍ បានឮសំឡេងកងរំពងរបស់កេសរសីហៈហើយ ក៏មិនអាចឈរក្នុងទីដើមបាន។ កេសរសីហៈ កាលទៅចាប់ចំណី រមែងឈរលើទីសម្រាប់មិតពត់ កាលលោតទៅខាងស្ដាំ ខាងឆ្វេង ខាងក្រោយ ក៏លោតទៅបានក្នុងទីប្រមាណ ១ ឧសភៈ កាលនឹងលោតទៅលើ ក៏លោតបាន ៤ ឧសភៈខ្លះ ៨ ឧសភៈខ្លះ កាលលោតត្រង់ទៅមុខក្នុងទីរាបស្មើ ក៏លោតទៅបានរហូតចម្ងាយប្រមាណ ១៦ ឧសភៈខ្លះ ប្រមាណ ២០ ឧសភៈខ្លះ កាលលោតអំពីច្រាំងស្ទឹង ឬលោតអំពីភ្នំ ក៏លោតបានទីប្រមាណ ៦០ ឧសភៈខ្លះ ៨០ ឧសភៈខ្លះ ឃើញដើមឈើ ឬភ្នំក្នុងចន្លោះផ្លូវ កាលគេចដើមឈើ ឬភ្នំនោះ ក៏គេចទៅខាងឆ្វេង ខាងស្ដាំ ឬខាងលើ បានប្រមាណ ១ ឧសភៈ [មួយឧសភៈ ស្មើនឹង ១៤០ ហត្ថ (វចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត)។]។ តែលុះបន្លឺសំឡេងលើកទី ៣ ក៏ប្រាកដខ្លួនក្នុងទី ៣ យោជន៍ ជាមួយនឹងសំឡេងនោះឯង។ កាលទៅបាន ៣ យោជន៍ហើយ ក៏ត្រឡប់មកឈរស្ដាប់សំឡេងរំពងដែលខ្លួនបន្លឺនោះឯង។ កេសរសីហៈ រមែងស្ទុះទៅដោយកម្លាំងជើងដ៏រហ័សយ៉ាងនេះ។ ពិតហើយ សត្វនិងមនុស្សចំនួនច្រើន បានឮសំឡេងរបស់កេសរសីហៈនោះហើយ រមែងភ័យខ្លាច សត្វដែលមិនភ័យខ្លាច មានចំនួនតិច។

សួរថា សត្វមានចំនួនតិចនោះ តើសត្វពួកណា។

ឆ្លើយថា សត្វទាំងនោះ គឺពួករាជសីហ៍ដែលមានជាតិស្មើគ្នា ១ ដំរីអាជានេយ្យ ១ សេះអាជានេយ្យ ១ គោឧសភអាជានេយ្យ ១ បុរសអាជានេយ្យ ១ ព្រះខីណាស្រព ១។

សួរថា ព្រោះហេតុអ្វី ទើបសត្វនិងមនុស្សទាំងនោះ មិនខ្លាច។

ឆ្លើយថា សីហៈដែលមានជាតិស្មើគ្នា រមែងមិនខ្លាច  ព្រោះគិតថា អញស្មើគ្នាដោយជាតិ គោត្ត ត្រកូល និងសេចក្ដីអង់អាច។ ដំរីអាជានេយ្យជាដើម មិនខ្លាច ព្រោះថា ខ្លួនមានសក្កាយទិដ្ឋិខ្លាំងក្លា ព្រះខីណាស្រពមិនខ្លាច ព្រោះលះសក្កាយទិដ្ឋិបានហើយ។

សត្វដែលដេកនៅក្នុងរន្ធ ក្នុងរូង មានពស់ ស្ការ និងទន្សងជាដើម សត្វក្នុងទឹក មានត្រី និងអណ្ដើកជាដើម សត្វក្នុងព្រៃ មានដំរី សេះ ខ្ទីង ម្រឹគជាដើម ។ សត្វទាំងឡាយនោះ សម្លឹងមើលផ្លូវដោយគិតថា ឥឡូវនេះ អ្នកណានឹងមកចាប់អញ  ទើបចូលទៅ (ក្នុងរន្ធ ក្នុងទឹក ក្នុងព្រៃ)។ កេសរសីហៈមានឫទ្ធិច្រើន ព្រោះអាចឈរក្នុងទីសម្រាប់មិតពត់ លោតទៅខាងស្ដាំជាដើម បានប្រមាណ ១ ឧសភៈ លោតត្រង់ទៅមុខ បានប្រមាណ ២០ ឧសភៈជាដើម។ គប្បីជ្រាបភាពដែលកេសរសីហៈមានសក្ដិធំ ព្រោះជាម្ចាស់ ជាធំជាងម្រឹគដ៏សេស។ គប្បីជ្រាបភាពដែលកេសរសីហៈមានអានុភាពច្រើន ដោយអំណាចនៃសត្វទាំងឡាយបាន ឮសំឡេងក្នុងទី ៣ យោជន៍ដោយជុំវិញហើយ នាំគ្នាគេចទៅដូច្នេះ។

ក្នុងទីនេះ បំណងយកកេសរសីហៈនោះឯង។ ឈ្មោះថា ទាឋពលី ព្រោះសីហៈនោះ មានចង្កូមជាកម្លាំង។ បទ ២ គឺ បសយ្ហ អភិភុយ្យ គប្បីប្រកបជាមួយសព្ទថា ចារី ជា បសយ្ហចារី អភិភុយ្យចារី។ ក្នុង ២ បទនោះ ឈ្មោះថា បសយ្ហចារី ព្រោះប្រព្រឹត្ដសង្កត់សង្កិន គឺញាំញី។ ឈ្មោះថា អភិភុយ្យចារី ព្រោះប្រព្រឹត្ដគ្របសង្កត់ គឺធ្វើឲ្យតក់ស្លុត បានដល់ ធ្វើឲ្យនៅក្នុងអំណាច។ រាជសីហ៍នោះ មានប្រក្រតីប្រព្រឹត្ដសង្កត់សង្កិនដោយកម្លាំងកាយ និងមានប្រក្រតីប្រព្រឹត្ដគ្របសង្កត់ដោយតេជះ។ ក្នុងសេចក្ដីនោះ បើបុគ្គលណាមួយសួរថា រាជសីហ៍មានប្រក្រតីប្រព្រឹត្ដសង្កត់សង្កិនគ្របសង្កត់អ្វី។ ព្រោះហេតុនោះ ឆដ្ឋីវិភត្ដិ ដែលថា មិគានំ  ទើបគួរប្រើក្នុងទុតិយាវិភត្ដិ ហើយឆ្លើយថា មានប្រក្រតីប្រព្រឹត្ដសង្កត់សង្កិន គ្របសង្កត់នូវម្រឹគទាំងឡាយ។ បទថា បន្ដានិ បានដល់ នៅឆ្ងាយ។ បទថា សេនាសនានិ បានដល់ ទីជាលំនៅ។ ពាក្យដ៏សេស អាចដឹងបានដោយន័យដូចពោលហើយនោះឯង ព្រោះហេតុនោះ ទើបមិនចាំបាច់ឲ្យពិស្ដារ។

ទាឋពលីគាថា ទី៨ ចប់។

សូមអនុមោទនា !!!

Oben-pfeil