បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

ជីវិតសង្ខយគាថា ទី១០

គាថាថា រាគញ្ច ទោសញ្ច ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបច្ចេកពុទ្ធ ព្រះនាមមាតង្គៈ អាស្រ័យនគររាជគ្រឹះ ជាព្រះបច្ចេកពុទ្ធអង្គចុងក្រោយ ក្នុងចំនួនព្រះបច្ចេកពុទ្ធទាំងឡាយ។ គ្រានោះ ព្រះពោធិសត្វនៃយើងទាំងឡាយកើតឡើងហើយ ទេវតាទាំងឡាយមកដើម្បីបូជាព្រះពោធិសត្វ ឃើញព្រះមាតង្គបច្ចេកពុទ្ធ ក៏ពោលថា មារិសា មារិសា ពុទ្ធោ លោកេ ឧប្បន្នោ  លោកនិរទុក្ខ លោកនិរទុក្ខ ព្រះពុទ្ធកើតឡើងហើយក្នុងលោក។ ព្រះមាតង្គបច្ចេកពុទ្ធនោះ ទើបតែចេញអំពីនិរោធ បានឮពាក្យនោះផង ដឹងថាខ្លួនអស់ជីវិតផង ក៏ហោះទៅកាន់ភ្នំឈ្មោះមហាបបាតៈ ក្នុងហិមវន្ដប្បទេស ដែលជាទីបរិនិព្វានរបស់ព្រះបច្ចេកពុទ្ធទាំងឡាយ បោះធាតុរបស់ព្រះបច្ចេកពុទ្ធដែលបរិនិព្វានហើយចូលទៅក្នុងជ្រោះ លោកខ្លួនឯង ក៏អង្គុយលើផ្ទាំងសិលា បានពោលឧទានគាថានេះថា

រាគញ្ច ទោសញ្ច បហាយ មោហំ

សន្ទាលយិត្វាន សំយោជនានិ

អសន្តសំ ជីវិតសង្ខយម្ហិ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលលះបង់នូវរាគៈផង ទោសៈផង មោហៈផង ហើយទម្លាយចេញនូវសំយោជនៈ មិនតក់ស្លុតក្នុងការអស់ទៅនៃជីវិតហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

រាគៈទោសៈមោហៈ ក្នុងគាថានេះ បានពោលហើយក្នុងឧរគសូត្រ (ក្នុងខុទ្ទកនិកាយ សុត្តនិបាត)។ បទថា សំយោជនានិ បានដល់  សំយោជនៈ ១០។ ទម្លាយសំយោជនៈទាំង ១០ នោះ ដោយមគ្គនោះ ៗ។ បទថា អសន្ដសំ ជីវិតសង្ខយម្ហិ សេចក្ដីថា ការបែកធ្លាយជុំវិញនៃចុតិចិត្ដ ហៅថា ការអស់ទៅនៃជីវិត។ ឈ្មោះថា ជាអ្នកមិនតក់ស្លុតក្នុងការអស់ជីវិតនោះ ព្រោះលះសេចក្ដីស្រឡាញ់ក្នុងជីវិតបានហើយ។ ព្រះបច្ចេកពុទ្ធសម្ដែងឧបាទិសេសនិព្វានរបស់លោក ដោយពាក្យមានប្រមាណប៉ុណ្ណោះឯង ក្នុងវេលាចប់គាថា បរិនិព្វានដោយអនុបាទិសេសនិព្វានធាតុ។

ជីវិតសង្ខយគាថា ទី១០ ចប់។

សូមអនុមោទនា !!!

Oben-pfeil