វគ្គទី៤
ការណត្ថគាថា ទី១១
គាថាថា ភជន្តិ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។
បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី គ្រប់គ្រងរាជអាណាចក្កដ៏ធំទូលាយ មានប្រការដូចពោលហើយខាងដើមនុ៎ះឯង អាពាធជាទម្ងន់កើតឡើងដល់ទ្រង់ ទុក្ខវេទនាទាំងឡាយកំពុងប្រព្រឹត្ដទៅ។ ស្ដ្រី ២ ម៉ឺននាក់ចោមរោមព្រះអង្គ ធ្វើនូវការច្របាច់ព្រះហស្ដ និងព្រះបាទជាដើម។
ពួកអាមាត្យគិតគ្នាថា ព្រះរាជានឹងសោយទិវង្គតក្នុងកាលឥឡូវនេះ ណ្ហើយចុះ ពួកយើងនឹងស្វែងរកទីពឹងឲ្យខ្លួនឯង ទើបគេចទៅកាន់សម្នាក់របស់ព្រះរាជាមួយអង្គ ទូលសូមបម្រើ។ អាមាត្យទាំងនោះ ទទួលបម្រើក្នុងទីនោះ មិនបានរបស់ណាមួយឡើយ។ ព្រះរាជាទ្រង់ជាអំពីប្រឈួនហើយ ត្រាស់សួរថា ឥត្ថន្នាមោ ច ឥត្ថន្នាមោ ច កុហឹ អាមាត្យឈ្មោះនេះៗ ទៅណា បន្ទាប់អំពីនោះ ទ្រង់បានស្ដាប់រឿងនោះ ទ្រង់គ្រវីព្រះសីសៈ ហើយនៅស្ងៀម។
ចំណែកអាមាត្យទាំងនោះ បានស្ដាប់ដំណឹងថា ព្រះរាជាទ្រង់ជាអំពីប្រឈួនហើយ មិនបានអ្វីក្នុងទីនោះ ត្រូវសេចក្ដីវិនាសធំបៀតបៀន ទើបត្រឡប់មកវិញ ថ្វាយបង្គំព្រះរាជាហើយ ឈរក្នុងទីបំផុតនាចំណែកម្ខាង ត្រូវព្រះរាជាត្រាស់សួរថា នែបាទាំងឡាយ ពួកអ្នកទៅណា ទើបនាំគ្នាក្រាបទូលថា បពិត្រព្រះសម្មតិទេព ទូលព្រះបង្គំទាំងឡាយឃើញទ្រង់ទុព្វល ទើបនាំគ្នាទៅកាន់ជនបទឈ្មោះនោះ ព្រោះភ័យដែលកើតអំពីការចិញ្ចឹមជីវិត។
ព្រះរាជាទ្រង់គ្រវីសីសៈ ហើយទ្រង់ព្រះតម្រិះថា បើដូច្នោះ អញនឹងសម្ដែងអាការអាពាធនោះទៀត ពួកអាមាត្យនឹងធ្វើយ៉ាងនោះទៀត ឬមិនធ្វើហ្ន៎។ ព្រះរាជា កាលទ្រង់ធ្វើពុតជាឈឺ ទើបទ្រង់សម្ដែងវេទនាដ៏ខ្លាំងក្លា ដូចរោគពាល់ត្រូវហើយក្នុងកាលមុនដូច្នោះ។ ពួកស្ដ្រីនាំគ្នាចោមរោម បានធ្វើកិច្ចដូចកាលមុននុ៎ះឯង។
ឯពួកអាមាត្យក៏នាំមនុស្សច្រើនជាងមុន ចៀសចេញទៅយ៉ាងនោះឯងទៀត ព្រះរាជាទ្រង់ធ្វើកម្មគ្រប់យ៉ាង ដូចកាលមុន រហូតដល់លើកទី ៣ ដោយអាការយ៉ាងនេះ ឯអាមាត្យទាំងនោះ ក៏នាំគ្នាចៀសចេញទៅយ៉ាងនោះឯង។ បន្ទាប់អំពីនោះ ព្រះរាជាទ្រង់ឃើញអាមាត្យទាំងនោះ ត្រឡប់មកក្នុងវារៈទី ៤ ទ្រង់ព្រះតម្រិះថា ឱហ្ន៎ ! ពួកអាមាត្យលះបង់អញដែលជាអ្នកមានជំងឺ មិនអាឡោះអាល័យ ចៀសចេញទៅ ជនទាំងនេះ ធ្វើកម្មដែលធ្វើបានដោយក្រ ទើបទ្រង់នឿយណាយ លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ ត្រាស់ឧទានគាថានេះថា
ភជន្តិ សេវន្តិ ការណត្ថា
និក្ការណា ទុល្លភា អជ្ជ មិត្តា
អត្តត្ថបញ្ញា [អដ្ឋកថា ច្បាប់ឆដ្ឋសង្គាយនា ជា អត្តដ្ឋបញ្ញា។ ក្នុងទីនេះ ថ ក្ដី ឋ ក្ដី ប្រែថា តាំងនៅ មិនមែនអត្ថទេ។] អសុចី មនុស្សា
ឯកោ ចរេ ខគ្គវិសាណកប្បោ។
ពួកជនមានប្រយោជន៍ជាហេតុ ទើបគប់រកផង បម្រើផង ឯពួកមិត្ដដែលឥតហេតុ គេរកបានដោយក្រ ក្នុងថ្ងៃនេះ ឯពួកមនុស្សអ្នកមានបញ្ញា ប្រាថ្នាប្រយោជន៍ផ្ទាល់ខ្លួន ឈ្មោះថា ជាមនុស្សមិនស្អាត បុគ្គលគប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។
ក្នុងគាថានោះ បទថា ភជន្តិ បានដល់ លួចចូលទៅអង្គុយជិត ដោយរាងកាយ។ បទថា សេវន្តិ បានដល់ រមែងបម្រើដោយអញ្ជលិកម្មជាដើម និងដោយភាពជាអ្នកទទួលបម្រើ។ ហេតុ ជាប្រយោជន៍របស់មនុស្សទាំងនោះ ព្រោះហេតុនោះ ទើបមនុស្សទាំងនោះ ឈ្មោះថា មានប្រយោជន៍ជាហេតុ អធិប្បាយថា ហេតុដទៃក្នុងការគប់រក និងការសេព មិនមាន។ ហេតុរបស់មនុស្សទាំងនោះយ៉ាងនេះ មានអធិប្បាយថា រមែងសេពព្រោះហេតុនៃខ្លួន។
បទថា និក្ការណា ទុល្លភា អជ្ជ មិត្តា បានដល់ មិនមានហេតុ ដោយហេតុនៃការបាននូវអត្តភាពយ៉ាងនេះថា ពួកយើងនឹងបាននូវអ្វីអំពីលោកនេះ។ មិត្តដែលប្រកបដោយភាពជាមិត្តដ៏ប្រសើរ ដែលព្រះសម្ពុទ្ធទ្រង់ត្រាស់ទុក (ក្នុងសិង្គាលកសូត្រ) យ៉ាងនេះថា
ឧបការោ ច យោ មិត្តោ សុខទុក្ខោ ច យោ សខា
អត្ថក្ខាយី ច យោ មិត្តោ យោ ច មិត្តានុកម្បកោ។
មិត្ដដែលមានឧបការៈ សម្លាញ់ដែលរួមសុខទុក្ខ មិត្ដដែលប្រាប់ប្រយោជន៍ និងមិត្ដដែលមានសេចក្ដីឈឺឆ្អាល [បិ.១៩ ទំ.៨៣ ឃ.៦៨។]។
គឺជាមិត្តដែលគេរកបានដោយក្រ ក្នុងថ្ងៃនេះ។
បទថា អត្ដដ្ឋបញ្ញា សេចក្ដីថា ជនទាំងនេះ មានបញ្ញាស្ថិតនៅក្នុងខ្លួន អធិប្បាយថា ឃើញតែខ្លួនឯង មិនឃើញនូវអ្នកដទៃ។ ព្រះបាលីថា អត្ដត្ថបញ្ញា ដូច្នេះក៏មាន បាលីនោះ មានសេចក្ដីថា ឃើញតែប្រយោជន៍របស់ខ្លួនប៉ុណ្ណោះ មិនឃើញប្រយោជន៍របស់អ្នកដទៃ។ បានឮថា បាឋៈថា ទិដ្ឋត្ថបញ្ញា នេះ ជាបាឋៈមានមកក្នុងកាលមុន មានសេចក្ដីអធិប្បាយថា ជនទាំងនោះ មានបញ្ញាក្នុងប្រយោជន៍ដែលខ្លួនគប្បីឃើញក្នុងបច្ចុប្បន្នប៉ុណ្ណោះ មិនមានបញ្ញាសម្លឹងឃើញក្នុងកាលជាអនាគតទេ។
បទថា អសុចី បានដល់ ដែលប្រកបដោយកាយកម្ម វចីកម្ម និងមនោកម្មដែលមិនស្អាត គឺមិនប្រសើរ។
បទថា ខគ្គវិសាណកប្បោ សេចក្ដីថា ឈ្មោះថា ខគ្គវិសាណៈ ព្រោះរមាសយកកុយរបស់ខ្លួន ត្រាច់ធ្វើភ្នំជាដើម ឲ្យជាលម្អិតតូចធំ ដូចបុគ្គលយកដាវកាត់ដើមឈើដូច្នោះ។ ឈ្មោះថា វិសាណ ព្រោះមានអំណាចដូចគ្នានឹងថ្នាំពិស។ ឈ្មោះថា ខគ្គ ព្រោះដូចដាវ។ ម្រឹគណា មានស្នែងដូចដាវ ម្រឹគនោះ ឈ្មោះថា ខគ្គវិសាណ។ កុយរបស់ម្រឹគដែលមានស្នែងដូចដាវនោះ ឈ្មោះថា ខគ្គវិសាណកប្ប អធិប្បាយថា ព្រះបច្ចេកពុទ្ធ ប្រៀបដូចកុយរមាស ជាបុគ្គលម្នាក់ឯង មិនមានមិត្ត មិនមានសម្លាញ់ ត្រាច់ទៅ គឺនៅ ប្រព្រឹត្ដទៅ ដើរទៅ ឲ្យដើរទៅ។
ការណត្ថគាថា ទី១១ ចប់។
វគ្គទី៤ ចប់។
[គាថាទាំង ៤២ នេះ ស្រង់ចាកបិដកខ្មែរលេខ ៧២ ទំព័រលេខ ១៨-៣០
ឃ្នាបលេខ ២ មួយអន្លើដោយអដ្ឋកថា។]
សូមអនុមោទនា !!!
