បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

បដិសល្លានគាថា ទី៥

គាថាថា បដិសល្លានំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ជាអ្នកបានបឋមជ្ឈាន កាលទ្រង់រក្សាឈាននោះ ទើបលះរាជសម្បត្ដិ ចេញបួស ទ្រង់ចម្រើនវិបស្សនា សម្រេចបច្ចេកពោធិញ្ញាណហើយ កាលទ្រង់សម្ដែងបដិបទាក្នុងការបដិបត្ដិ ទើបត្រាស់ឧទានគាថានេះថា

បដិសល្លានំ ឈានមរិញ្ចមានោ

ធម្មេសុ និច្ចំ អនុធម្មចារី

អាទីនវំ សម្មសិតា ភវេសុ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គល កាលមិនលះបង់នូវឈានដ៏ស្ងប់ស្ងាត់ (ចាកសត្វ និងសង្ខារ) ជាអ្នកប្រព្រឹត្ដនូវធម៌ ដ៏សមគួរក្នុងធម៌ទាំងឡាយ អស់កាលជានិច្ច ពិចារណានូវទោសក្នុងភពទាំងឡាយហើយ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ការពណ៌នាអត្ថនៃគាថានេះ មានដូចតទៅនេះថា ការគេចចេញចាកសត្វនិងសង្ខារនោះៗ ហើយពួនសម្ងំ អធិប្បាយថា ការសេពនូវការមានខ្លួនតែមួយ ភាពជាបុគ្គលតែឯងដោយកាយវិវេក។ ចិត្ដវិវេក លោកហៅថា ឈាន ព្រោះដុតកិលេសដូចសត្រូវ និងព្រោះចូលទៅសម្លឹងដោយអារម្មណូបនិជ្ឈាន និងលក្ខណូបនិជ្ឈាន។

ក្នុងពាក្យថា ឈាន នោះ សមាបត្ដិ ៨ ហៅថា ឈាន ព្រោះដុតកិលេសដូចសត្រូវ មាននីវរណៈជាដើម និងព្រោះចូលទៅសម្លឹងអារម្មណ៍ មានកសិណជាដើម។ វិបស្សនា មគ្គ ផល ក៏ហៅថា ឈាន ព្រោះដុតកិលេសដូចជាសត្រូវ មានសត្ដសញ្ញា ការសម្គាល់ថា សត្វជាដើម និងព្រោះចូលទៅសម្លឹងលក្ខណៈ។ តែក្នុងទីនេះ លោកបំណងយក អារម្មណូបនិជ្ឈានប៉ុណ្ណោះ។ មិនលះ គឺមិនបោះបង់ បានដល់ មិនលះបង់ការពួនសម្ងំនិងឈាននោះ ដោយប្រការយ៉ាងនោះ។ បទថា ធម្មេសុ បានដល់ ក្នុងធម៌ គឺបញ្ចក្ខន្ធជាដើម ដែលឲ្យចូលដល់វិបស្សនា។ បទថា និច្ចំ បានដល់ ជាប់ត គឺទៅរឿយៗ  បានដល់ ច្រឡូកច្រឡំ។

បទថា អនុធម្មចារី បានដល់ ប្រព្រឹត្ដវិបស្សនាធម៌ដែលទៅហើយរឿយៗ ដោយប្រារព្ធធម៌នោះៗ ប្រព្រឹត្ដទៅ។ ម្យ៉ាងទៀត ក្នុងបទថា ធម្មេសុ នេះ លោកុត្ដរធម៌ ៩ ឈ្មោះថា ធម៌។ ឈ្មោះថា អនុធម៌ ព្រោះជាធម៌ដែលអនុលោមដល់ធម៌ទាំងនោះ។ ពាក្យថា អនុធម្មចារី នេះ ជាឈ្មោះរបស់វិបស្សនា។ ក្នុងគាថានោះ កាលគួរនឹងពោលថា ធម្មានំ និច្ចំ អនុធម្មចារី តែបែរជាពោលថា ធម្មេសុ (និច្ចំ អនុធម្មចារី) ដើម្បីងាយស្រួលក្នុងការចងគាថា ព្រោះលោកជាអ្នកឈ្លាសក្នុងវិភត្ដិ។

ក្នុងបទថា អាទីនវំ សម្មសិតា ភវេសុ នេះ គប្បីជ្រាបវាចាប្រកបសេចក្ដីដូច្នេះថា ពិចារណាឃើញទោស មានការមិនទៀងជាដើម ក្នុងភពទាំង ៣ ដោយវិបស្សនា ពោលគឺភាពជាអ្នកមានប្រក្រតីប្រព្រឹត្ដនូវធម៌ដ៏សមគួរដល់ធម៌នោះ គប្បីពោលថា ជាអ្នកសម្រេចដោយបដិបទា គឺវិបស្សនាដែលដល់កំពូលនៃកាយវិវេក និងចិត្ដវិវេកនេះ ដោយអាការយ៉ាងនេះ គប្បីជាបុគ្គលម្នាក់ឯង ត្រាច់ទៅ។

បដិសល្លានគាថា ទី៥ ចប់។

សូមអនុមោទនា !!!

Oben-pfeil