បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

រសគេធគាថា ទី១

គាថាថា រសេសុ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបាទពារាណសីមួយអង្គ មានបុត្តរបស់អាមាត្យទាំងឡាយចោមរោមក្នុងឧទ្យាន ទ្រង់ក្រសាលក្នុងស្រះបោក្ខរណីដែលដេរដាសដោយផ្ទាំងថ្ម។ អ្នកពិសេសរបស់ព្រះអង្គយករសសាច់គ្រប់ប្រភេទ មកចម្អិនក្នុងអន្ដរភត្ដ ដែលផ្សំល្អក្រៃលែងដូចអមតរស ហើយបង្អោនចូលទៅថ្វាយ។ ព្រះរាជាទ្រង់ជាប់ក្នុងរសនោះ មិនប្រទានដល់បុគ្គលណា សោយតែមួយអង្គឯងប៉ុណ្ណោះ។ ទ្រង់យាងចេញអំពីទីលេងទឹក  ក្នុងវេលាថ្ងៃជ្រេពេក  ក៏សោយប្រញាប់ ៗ។ ក្នុងកាលមុន ទ្រង់សោយជាមួយនឹងពួកបរិជនណា ទ្រង់មិនរឭកនូវបរិជនទាំងនោះ ណាម្នាក់ឡើយ។ ក្រោយមក ទ្រង់ធ្វើការពិចារណា ទ្រង់សង្វេគថា ឱហ្ន៎ ! អញត្រូវចំណង់ក្នុងរសគ្របសង្កត់ ភ្លេចជនទាំងពួង បរិភោគម្នាក់ឯងប៉ុណ្ណោះ បានធ្វើកម្មដ៏អាក្រក់ហើយ ណ្ហើយចុះ អញនឹងគ្របសង្កត់ចំណង់ក្នុងរសនោះ ដូច្នេះហើយ ទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលទ្រង់តិះដៀលការបដិបត្តិដែលមានក្នុងកាលមុនរបស់ព្រះអង្គ ទើបពោលឧទានគាថានេះ សម្ដែងគុណផ្ទុយនឹងការបដិបត្ដិនោះថា

រសេសុ គេធំ អករំ អលោលោ

អនញ្ញបោសី សបទានចារី

កុលេ កុលេ អប្បដិពទ្ធចិត្តោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គល មិនធ្វើនូវសេចក្ដីប្រាថ្នាក្នុងរសទាំងឡាយ ជាអ្នកមិនល្មោភ មិនចិញ្ចឹមនូវបុគ្គលដទៃ ជាអ្នកត្រាច់ទៅសព្វច្រក មិនជាប់ចិត្ដក្នុងត្រកូលមួយ ៗ គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា រសេសុ បានដល់ ក្នុងរបស់គួរលិទ្ធ ភ្លក្ស មានរសជូរ រសផ្អែម រសល្វីង រសហឹរ រសប្រៃ រសខារ រសចត់ជាដើម។ បទថា គេធំ អករំ ប្រែថា មិនធ្វើនូវការចង់បាន អធិប្បាយថា មិនញ៉ាំងនូវតណ្ហាឲ្យកើតឡើង។ បទថា  អលោលោ បានដល់ មិនវង្វេងក្នុងការឆ្ងាញ់នៃរសទាំងឡាយយ៉ាងនេះថា អញនឹងលិទ្ធភ្លក្សវត្ថុនេះ អញនឹងលិទ្ធភ្លក្សវត្ថុនេះ។

បទថា អនញ្ញបោសី បានដល់ វៀរចាកបុគ្គល មានសទ្ធិវិហារិកដែលខ្លួនគប្បីចិញ្ចឹមជាដើម មានអធិប្បាយថា ត្រេកអរហើយ ដោយហេតុត្រឹមតែការសង្រួមផ្លូវកាយ។ ម្យ៉ាងទៀត អធិប្បាយថា ឈ្មោះថា អនញ្ញបោសី ព្រោះមិនដូចកាលមុន គឺក្នុងឧទ្យានដែលខ្ញុំមានប្រក្រតីធ្វើនូវចំណង់ក្នុងរសទាំងឡាយ ឲ្យអ្នកដទៃចិញ្ចឹម (ខ្ញុំ) លះតណ្ហាដែលជាហេតុឲ្យកើតលោភៈ ដែលធ្វើចំណង់ក្នុងរសទាំងឡាយ មិនឲ្យអ្នកដទៃចិញ្ចឹម ដោយមិនធ្វើឲ្យកើតអត្តភាព (ក្នុងភព) ដទៃ ដែលមានតណ្ហាជាឫសគល់។ ម្យ៉ាងទៀត ក្នុងបទនេះ មានអត្ថដូចតទៅនេះថា កិលេសទាំងឡាយហៅថា អញ្ញ ព្រោះអត្ថថា បំផ្លាញប្រយោជន៍ ឈ្មោះថា អនញ្ញបោសី ព្រោះមិនចិញ្ចឹមកិលេសទាំងនោះ។

បទថា សបទានចារី បានដល់ មានប្រក្រតីត្រាច់ទៅ មិនគេចចេញក្រៅផ្លូវ គឺមានប្រក្រតីត្រាច់ទៅតាមលំដាប់ អធិប្បាយថា មិនលះនូវលំដាប់ផ្ទះ ចូលទៅបិណ្ឌបាតជាប់តគ្នាទៅ ទាំងត្រកូលស្ដុកស្ដម្ភ និងត្រកូលក្រីក្រ។

បទថា កុលេ កុលេ អប្បដិពទ្ធចិត្ដោ  បានដល់ មានចិត្ដមិនជាប់ចំពាក់ក្នុងត្រកូលណាមួយ មានត្រកូលក្សត្រជាដើម ដោយអំណាចកិលេស អធិប្បាយថា ជាអ្នកថ្មីជានិច្ច ឧបមាដូចព្រះចន្ទ។ ពាក្យដ៏សេស មានន័យដូចបានពោលហើយនុ៎ះឯង។

រសគេធគាថា ទី១ ចប់។

សូមអនុមោទនា !!!

Oben-pfeil