បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

សីហាទិគាថា ទី៧

គាថាថា សីហោវ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបាទពារាណសីមួយអង្គ មានឧទ្យាននៅក្នុងទីឆ្ងាយ ទ្រង់តើនឡើងអំពីព្រលឹម យាងទៅកាន់ឧទ្យាន ក្នុងរវាងផ្លូវ ទ្រង់ចុះអំពីយានចូលទៅកាន់ទីដែលមានទឹក ដោយបំណងថា នឹងលុបព្រះភក្ដ្រ។ ក្នុងទីនោះ មានសីហៈញីកើតកូន ហើយចេញទៅរកចំណី។ រាជបុរសឃើញកូនសីហៈនោះហើយ ទើបក្រាបទូលថា សីហបោតកោ ទេវ បពិត្រព្រះសម្មតិទេព (នេះ) កូនសីហៈ។

ព្រះរាជាទ្រង់ព្រះតម្រិះថា បានឮថា សីហៈមិនខ្លាចនរណា។ ដើម្បីសាកល្បងកូនសីហៈនោះ ទើបឲ្យវាយស្គរជាដើម កូនសីហៈនោះ សូម្បីបានឮសំឡេងនោះ ក៏នៅតែដេកបែបនោះ កាលបើដូច្នោះ ទើបព្រះរាជាទ្រង់ឲ្យវាយស្គរជាលើកទី ២ និងលើកទី ៣។ ក្នុងលើកទី ៣ កូនសីហៈនោះ អើតក្បាលឡើងមើលបរិស័ទទាំងអស់ ហើយក៏ដេកយ៉ាងនោះឯង ។

លំដាប់នោះ ព្រះរាជាត្រាស់ថា ពួកយើងចូរគេចទៅមុន ទាន់មេរបស់វាមិនទាន់មក។ ខណៈយាងទៅ ទ្រង់ព្រះតម្រិះថា កូនសីហៈ សូម្បីកើតក្នុងថ្ងៃនោះ ក៏មិនតក់ស្លុត មិនខ្លាច កាលណាហ្ន៎ អាត្មាអញគប្បីលះបង់នូវការញាប់ញ័រដោយតណ្ហានិងទិដ្ឋិ ហើយមិនតក់ស្លុត មិនខ្លាច។ ព្រះរាជាកាន់យករឿងនោះ ឲ្យជាអារម្មណ៍ យាងទៅ ទ្រង់ឃើញអ្នកប្រមង់ចាប់ត្រី ហើយហាលសំណាញ់ត្រង់មែកឈើ ខ្យល់បក់មក មិនជាប់ត្រង់សំណាញ់ដែលសន្ធឹងទុក ទ្រង់បានកាន់យកនិមិត្ដក្នុងរឿងនោះទៀតថា កាលណាហ្ន៎ អាត្មាអញគប្បីទម្លាយសំណាញ់ គឺតណ្ហា ទិដ្ឋិ និងមោហៈ មិនជាប់ចំពាក់យ៉ាងនោះ ហើយទៅ។

លំដាប់នោះ ព្រះរាជាទ្រង់យាងទៅកាន់ឧទ្យាន គង់ប្រថាប់ត្រង់ច្រាំងស្រះបោក្ខរណីដែលដេរដាសដោយផ្ទាំងថ្ម ទ្រង់ទតឃើញផ្កាឈូកដែលត្រូវខ្យល់បក់ប៉ះពាល់ខ្លាំង ក៏ឱនទៅក្នុងទឹក ហើយផុសមកវិញ ក្នុងកាលដែលប្រាសចាកខ្យល់ មិនសើមដោយទឹក ទ្រង់បានកាន់យកនិមិត្ដក្នុងសេចក្ដីនោះថា កាលណាហ្ន៎ អាត្មាអញកើតមកហើយក្នុងលោក មិនប្រឡាក់ដោយលោក គប្បីឋិតនៅដូចផ្កាឈូកទាំងនេះ កើតក្នុងទឹក តែតាំងនៅដោយទឹកប្រឡាក់មិនបាន។ ទ្រង់ព្រះតម្រិះរឿយៗ ថា អាត្មាអញគប្បីជាអ្នកមិនតក់ស្លុត មិនជាប់មិនចំពាក់ មិនប្រឡាក់ ដូចសីហៈ ខ្យល់ និងផ្កាឈូក ទើបទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ បានពោលឧទានគាថានេះថា

សីហោវ សទ្ទេសុ អសន្តសន្តោ

វាតោវ ជាលម្ហិ អសជ្ជមានោ

បទុមំវ តោយេន អលិម្បមានោ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គល កាលមិនតក់ស្លុតក្នុងលក្ខណៈ មានមិនទៀងជាដើម ដូចសីហៈ មិនតក់ស្លុតក្នុងសំឡេងទាំងឡាយ មិនជាប់ចំពាក់ក្នុងធម៌ទាំងឡាយ មានខន្ធជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ មិនប្រឡាក់ដោយលោភៈជាដើម ដូចស្លឹកឈូកមិនប្រឡាក់ដោយទឹក គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

ពាក្យថា សីហៈ ក្នុងគាថានោះ សីហៈមាន ៤ ពួក គឺតិណសីហៈ  ១ បណ្ឌុសីហៈ ១ កាឡសីហៈ ១ និងកេសរសីហៈ ១។ បណ្ដាសីហៈទាំងនោះ កេសរសីហៈ លោកពោលថា ប្រសើរ។ កេសរសីហៈនោះ លោកបំណងយកក្នុងទីនេះ។ ខ្យល់មានច្រើនយ៉ាង មានខ្យល់ទិសខាងកើតជាដើម។ ផ្កាឈូកមានច្រើនយ៉ាង មានផ្កាឈូកពណ៌ក្រហម និងផ្កាឈូកពណ៌សជាដើម។ បណ្ដាខ្យល់ និងផ្កាឈូកទាំងនោះ ខ្យល់ប្រភេទណាមួយ និងផ្កាឈូកប្រភេទណាមួយ ក៏គួរ មែនពិត។ បណ្ដាការតក់ស្លុតជាដើមនោះ ឈ្មោះថា ការតក់ស្លុត មាន ព្រោះការស្រឡាញ់ខ្លួន ក៏ការស្រឡាញ់ខ្លួននោះ ឈ្មោះថា ការប្រឡាក់ដោយតណ្ហា ការប្រឡាក់ដោយតណ្ហានោះ មាន ព្រោះសេចក្ដីលោភដែលប្រកបដោយទិដ្ឋិខ្លះ ប្រាសចាកទិដ្ឋិខ្លះ ការស្រឡាញ់ខ្លួននោះ គឺតណ្ហាហ្នឹងឯង។

ម្យ៉ាងទៀត ក្នុងគាថានេះ ការជាប់ចំពាក់ រមែងមានដល់បុគ្គលដែលខ្វះការពិចារណាជាដើម ក្នុងអារម្មណ៍នោះ ព្រោះមោហៈ មោហៈ គឺអវិជ្ជា។ ក្នុងតណ្ហា និងអវិជ្ជានោះ លះតណ្ហាដោយសមថៈ លះអវិជ្ជាដោយវិបស្សនា ។ ព្រោះហេតុនោះ គប្បីលះសេចក្ដីស្រឡាញ់ខ្លួនដោយសមថៈ ហើយមិនតក់ស្លុតក្នុងលក្ខណៈទាំងឡាយ មានអនិច្ចលក្ខណៈ ទុក្ខលក្ខណៈជាដើម ដូចសីហៈមិនតក់ស្លុតក្នុងសំឡេងទាំងឡាយ លះមោហៈដោយវិបស្សនា មិនជាប់ចំពាក់ក្នុងខន្ធ និងអាយតនៈជាដើម ដូចខ្យល់មិនជាប់នឹងសំណាញ់ លះលោភៈ និងទិដ្ឋិប្រកបដោយលោភៈ ដោយសមថៈដូចគ្នា មិនប្រឡាក់ដោយលោភៈក្នុងភព និងភោគៈទាំងពួង ដូចផ្កាឈូកមិនប្រឡាក់ដោយទឹកដូច្នោះ ។

បណ្ដាធម៌ទាំងនោះ សីលជាបទដ្ឋាននៃសមថៈ សមថៈ ឈ្មោះថា សមាធិ។ កាលបើធម៌ ២ ប្រការនោះ គឺវិបស្សនា និងសមាធិ សម្រេចហើយ ខន្ធគឺគុណទាំង ៣ ក៏ឈ្មោះថា  សម្រេចដែរ។ បណ្ដាខន្ធគឺគុណទាំងនោះ បុគ្គលរមែងជាអ្នកក្លៀវក្លាដោយសីលក្ខន្ធ។ បុគ្គលនោះ រមែងមិនតក់ស្លុត ដូចសីហៈមិនតក់ស្លុតក្នុងសំឡេងទាំងឡាយ ព្រោះ សីហៈនោះ ចូលចិត្តក្រោធក្នុងសំឡេងដែលជាអាឃាតវត្ថុ។ បុគ្គលមានសភាវៈចាក់ធ្លុះហើយដោយបញ្ញាខន្ធ រមែងមិនជាប់ចំពាក់ក្នុងប្រភេទនៃធម៌ មានខន្ធជាដើម ដូចខ្យល់មិនជាប់ក្នុងសំណាញ់។ ជាបុគ្គលមានរាគៈទៅប្រាសហើយដោយសមាធិក្ខន្ធ រមែងមិនប្រឡាក់ដោយរាគៈ ដូច ស្លឹកឈូកមិនប្រឡាក់ដោយទឹកដូច្នោះ។

កាលបើដូច្នោះ បណ្ឌិតគប្បីជ្រាបបុគ្គលដែលមិនតក់ស្លុត មិនជាប់ និងមិនប្រឡាក់ ដោយអំណាចការលះតណ្ហា អវិជ្ជា និងអកុសលមូល ៣ ដែលកើតមានតាមសមគួរ ដោយសមថៈនិងវិបស្សនាផង ដោយសីលក្ខន្ធ សមាធិក្ខន្ធ និងបញ្ញាខន្ធផង។ ពាក្យដ៏សេស មានន័យដូចពោលហើយនុ៎ះឯង។

សីហាទិគាថា ទី៧ ចប់។

សូមអនុមោទនា !!!

Oben-pfeil