បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

តណ្ហក្ខយគាថា ទី៦

គាថាថា តណ្ហក្ខយំ ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះបាទពារាណសីមួយអង្គ ទ្រង់ធ្វើប្រទក្សិណព្រះនគរដោយរាជានុភាពដ៏ធំ សត្វទាំងឡាយមានហទយៈវិលទៅហើយ ព្រោះលម្អនៃព្រះកាយរបស់ព្រះរាជា សូម្បីកាលទៅខាងមុខក្ដី ទៅខាងក្រោយក្ដី ដោយខាងទាំងពីរក្ដី ក៏ត្រឡប់មកសម្លឹងមើលព្រះរាជាអង្គនោះឯង។ មែនពិត តាមប្រក្រតី សត្វលោកមិនឆ្អែតក្នុងការមើលព្រះពុទ្ធ ក្នុងការមើលព្រះចន្ទពេញបូណ៌មី សមុទ្ទ និងព្រះរាជា ។ ក្នុងខណៈនោះ ភរិយារបស់កុដុម្ពិកៈម្នាក់ ឡើងប្រាសាទជាន់លើ បើកបង្អួចឈរសម្លឹងមើល។ ព្រះរាជាទ្រង់ឃើញស្រីនោះ ក៏មានចិត្តប្រតិព័ទ្ធ ទើបត្រាស់បញ្ជាអាមាត្យថា នែប្រស្ដែង អ្នកចូរដឹងថា ស្រ្តីនេះមានស្វាមីហើយ ឬមិនទាន់មាន។ អាមាត្យនោះទៅហើយ ត្រឡប់មកក្រាបទូលថា មានស្វាមីហើយ។ លំដាប់នោះ ព្រះរាជាទ្រង់ព្រះតម្រិះថា ស្រីស្នំ ២ ម៉ឺននាក់នេះ ដូចទេពអប្សរ អភិរម្យអាត្មាអញតែម្នាក់ ឥឡូវនេះ អញមិនត្រេកអរដោយស្រីទាំងនោះ កើតតណ្ហាក្នុងស្រ្តីរបស់បុរសដទៃ តណ្ហានោះ កើតឡើង នឹងច្រានអញទៅកាន់អបាយប៉ុណ្ណោះ ដូច្នេះហើយ ទ្រង់ឃើញទោសក្នុងតណ្ហា ទ្រង់ព្រះតម្រិះថា ណ្ហើយចុះ អញនឹងសង្កត់សង្កិនតណ្ហានោះ ទ្រង់លះរាជសម្បត្តិ ចេញបួស ចម្រើនវិបស្សនា ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណហើយ ទើបត្រាស់ឧទានគាថានេះថា

តណ្ហក្ខយំ បត្ថយមប្បមត្តោ

អនេលមូគោ សុតវា សតីមា

សង្ខាតធម្មោ និយតោ បធានវា

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលកាលប្រាថ្នា នូវការអស់តណ្ហា ជាអ្នកមិនប្រហែស មិនល្ងង់ មានការចេះដឹង មានស្មារតី មានធម៌ពិចារណាហើយ ជាបុគ្គលទៀង មានសេចក្ដីខ្មីឃ្មាត គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា តណ្ហក្ខយំ បានដល់ ព្រះនិព្វាន។ ម្យ៉ាងទៀត បានដល់ ព្រះនិព្វានជាទីមិនប្រព្រឹត្ដទៅនៃតណ្ហា ដែលមានទោស ដែលគេឃើញ (ប្រាកដ) យ៉ាងនេះ។ បទថា អប្បមត្ដោ បានដល់ មានប្រក្រតីធ្វើ (កុសល) ជាប់តរហូត គឺមានប្រក្រតីធ្វើដោយគោរព។ បទថា អនេលមូគោ បានដល់ ជាអ្នកមិនមានទឹកមាត់ហូរចេញអំពីមាត់ (មិនឆ្កួតជ្រូក)។ ម្យ៉ាងទៀត បានដល់ មិនជាមនុស្សឆ្កួត និងមនុស្សគ អធិប្បាយថា ជាបណ្ឌិត ជាអ្នកឈ្លាសវៃ។ ឈ្មោះថា សុតវា ព្រោះមានសុតៈដែលញ៉ាំងហិតសុខ គឺប្រយោជន៍ និងសេចក្ដីសុខឲ្យដល់ព្រម អធិប្បាយថា ជាអ្នកសម្បូរដោយបរិយត្ដិ។ បទថា សតីមា បានដល់ ជាអ្នករឭកបាននូវវត្ថុដែលខ្លួនធ្វើទុកយូរជាដើមបាន។ បទថា សង្ខាតធម្មោ បានដល់ ជាអ្នកមានធម៌កំណត់ដឹងដោយការចូលទៅពិចារណាធម៌។ បទថា និយតោ បានដល់ ជាអ្នកដល់នូវភាពជាអ្នកទៀងដោយអរិយមគ្គ។ បទថា បធានវា បានដល់ ជាអ្នកដល់ព្រមដោយការព្យាយាម ជាគ្រឿងតាំងទុកដោយប្រពៃ។ បុគ្គលប្រកបដោយធម៌ មានការមិនប្រមាទជាដើមនោះ ដោយប្រការយ៉ាងនេះ ជាអ្នកមានសេចក្ដីខ្មីឃ្មាត ដោយសេចក្ដីព្យាយាមដែលឲ្យដល់នូវភាពទៀង ជាបុគ្គលទៀង ដោយការទៀង ដែលដល់ព្រមដោយសេចក្ដីព្យាយាមនោះ បន្ទាប់អំពីនោះ ឈ្មោះថា ជាអ្នកមានធម៌ពិចារណាហើយ ព្រោះបានសម្រេចអរហត្ដ។ ពិតហើយ ព្រះអរហន្ដទាំងឡាយ លោកហៅថា ជាអ្នកមានធម៌ដែលពិចារណាស្រេចហើយ ព្រោះមិនមានធម៌ដែលត្រូវពិចារណាទៀត។ ដូចលោកពោលទុកថា យេ ច សង្ខាតធម្មាសេ យេ ច សេក្ខា បុថូ ឥធ ពួកអសេក្ខបុគ្គលអ្នកមានធម៌ពិចារណាហើយ និងពួកសេក្ខបុគ្គលជាច្រើនណា ក្នុងសាសនានេះ [បិ.៥៤  ទំ.៣៣៦ ឃ.១១២; បិ.៦៧ ទំ.៣៥ ឃ.៨៦។] ដូច្នេះ។ ពាក្យដ៏សេសមានន័យដូចពោលហើយនុ៎ះឯង។

តណ្ហក្ខយគាថា ទី៦ ចប់។

សូមអនុមោទនា !!!

Oben-pfeil