បច្ចេកពុទ្ធសំយុត្តកថា

វគ្គទី៤

វិបិដ្ឋិគាថា ទី៣

គាថាថា វិបិដ្ឋិកត្វាន ដូច្នេះជាដើម មានហេតុកើតដូចម្ដេច។

បានឮថា ព្រះរាជាមួយអង្គក្នុងនគរពារាណសី ជាអ្នកបានចតុត្ថជ្ឈាន ព្រះរាជានោះ ដើម្បីរក្សាឈាន ក៏ទ្រង់លះរាជសម្បត្ដិ ចេញបួស ចម្រើនវិបស្សនា ទ្រង់ធ្វើឲ្យជាក់ច្បាស់នូវបច្ចេកពោធិញ្ញាណ កាលសម្ដែងបដិបទា ក្នុងការបដិបត្ដិរបស់ព្រះអង្គ ទើបពោលឧទានគាថានេះថា

វិបិដ្ឋិកត្វាន សុខញ្ច ទុក្ខំ

បុព្វេវ សោមនស្សំ ទោមនស្សំ [អដ្ឋកថា អបទាន ច្បាប់ឆដ្ឋសង្គាយនា ជា សោមនស្សទោមនស្សំ។]

លទ្ធានុបេក្ខំ សមថំ វិសុទ្ធំ

ឯកោ ចរេ ខគ្គវិសាណកប្បោ។

បុគ្គលធ្វើនូវសុខ ទុក្ខ សោមនស្ស និងទោមនស្ស ក្នុងកាលមុន ឲ្យនៅពីក្រោយខ្នង បាននូវឧបេក្ខាជាសមថៈដ៏ស្អាត គប្បីប្រព្រឹត្ដតែម្នាក់ឯង ដូចកុយរមាស។

បណ្ដាបទទាំងនោះ បទថា វិបិដ្ឋិកត្វាន ប្រែថា ធ្វើទុកខាងក្រោយ អធិប្បាយថា ចោលគឺលះ។ បទថា សុខញ្ច ទុក្ខំ បានដល់ ដោយសុខ និងទុក្ខផ្លូវកាយ។ បទថា សោមនស្សទោមនស្សំ បានដល់ សេចក្ដីសុខ និងសេចក្ដីទុក្ខផ្លូវចិត្ដ ។ បទថា ឧបេក្ខំ បានដល់ ឧបេក្ខាក្នុងចតុត្ថជ្ឈាន។ បទថា សមថំ បានដល់ សមាធិក្នុងចតុត្ថជ្ឈាននោះឯង។ បទថា វិសុទ្ធំ សេចក្ដីថា ឈ្មោះថា  បរិសុទ្ធិក្រៃលែង ព្រោះផុតចាកធម៌ដែលជាសត្រូវ ៩ ប្រការ គឺនីវរណៈ ៥ វិតក្កៈ ១ វិចារៈ ១ បីតិ ១ សុខៈ ១  អធិប្បាយថា ប្រាសចាកឧបក្កិលេស ដូចមាសដែលខាត់ហើយ។

ចំណែកពាក្យអធិប្បាយប្រកបសេចក្ដី មានដូចតទៅនេះថា លះសុខនិងទុក្ខក្នុងកាលមុននុ៎ះឯង អធិប្បាយថា ទុក្ខក្នុងឧបចារភូមិនៃបឋមជ្ឈាន សុខក្នុងឧបចារភូមិនៃតតិយជ្ឈាន។ អធិការដែលនាំ ច អក្ខរៈ ដែលបានពោលខាងដើមមកទុកខាងក្រោយវិញ សម្រេចរូបជា សោមនស្សំ ទោមនស្សញ្ច វិបិដ្ឋិកត្វាន បុព្វេវ (ធ្វើនូវសោមនស្សនិងទោមនស្សទុកក្នុងខាងដើមនុ៎ះឯង) ព្រោះហេតុនោះ ទើបលោកសម្ដែងថា សោមនស្សក្នុងឧបចារៈនៃចតុត្ថជ្ឈាន និងទោមនស្សក្នុងឧបចារៈនៃទុតិយជ្ឈាននុ៎ះឯង។ ពិតហើយ ឈានទាំងនោះ ជាគ្រឿងទ្រសម្រាប់លះសោមនស្ស និងទោមនស្សដោយអម តែបើពោលដោយត្រង់ បឋមជ្ឈានជាបាទសម្រាប់លះនូវទុក្ខ ទុតិយជ្ឈានជាបាទសម្រាប់លះនូវទោមនស្ស តតិយជ្ឈានជាបាទសម្រាប់លះនូវសុខ ចតុត្ថជ្ឈានជាបាទសម្រាប់លះនូវសោមនស្ស។

សមដូចព្រះមានព្រះភាគត្រាស់ថា  

បឋមជ្ឈានំ ឧបសម្បជ្ជ វិហរតិ។ ឯត្ថ ចុប្បន្នំ ទុក្ខិន្ទ្រិយំ អបរិសេសំ និរុជ្ឈតិ។ រមែងចូលកាន់បឋមជ្ឈាន (ដែលប្រកបដោយវិតក្កៈនិងវិចារៈ មានបីតិ និងសុខៈ ដែលកើតអំពីវិវេក)។ ទុក្ខិន្ទ្រិយកើតឡើងក្នុងបឋមជ្ឈាននេះ តែងរលត់ទៅឥតមានសេសសល់ [បិ.៣៨ ទំ.១៨១ ឃ.២៨០។] ដូច្នេះជាដើម ។

សេចក្ដីទាំងអស់នោះ ខ្ញុំពោលទុកហើយក្នុងអដ្ឋកថា ធម្មសង្គហៈ ឈ្មោះអដ្ឋសាលិនី។

លះបង់ទុក្ខ ទុកអំពីខាងក្រោយក្នុងបឋមជ្ឈាន លះបង់នូវ  ទោមនស្សក្នុងទុតិយជ្ឈាន និងលះបង់នូវសុខក្នុងតតិយជ្ឈាន ដែលហៅថា ក្នុងកាលមុន យ៉ាងណា ក្នុងទីនេះ ក៏យ៉ាងនោះ លះបង់នូវសោមនស្សទុកអំពីខាងក្រោយ ក្នុងចតុត្ថជ្ឈាន បាននូវឧបេក្ខានិងសមថៈដែលបរិសុទ្ធ ដោយបដិបទានេះហើយ គប្បីត្រាច់ទៅតែម្នាក់ឯងនុ៎ះឯង។ ពាក្យដ៏សេស មានន័យដូចពោលហើយនុ៎ះឯង។

វិបិដ្ឋិគាថា ទី៣ ចប់។

សូមអនុមោទនា !!!

Oben-pfeil