បច្ចេកពុទ្ធសំយុត្តកថា

វិជ្ជាធរជាតក

[បិដកខ្មែរ ជា បព្វជិតវិហេឋកជាតក។]

ព្រះសាស្ដា កាលគង់នៅក្នុងវត្ដជេតពន ទ្រង់ប្រារព្ធលោកត្ថចរិយា ទើបត្រាស់រឿងនេះថា

ក្នុងអតីតកាល ព្រះបាទព្រហ្មទត្ដសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វជាសក្កទេវរាជ ។  ក្នុងកាលនោះ វិជ្ជាធរម្នាក់រាយមន្ដហើយ ចូលទៅកាន់បន្ទប់ដ៏មានសិរីក្នុងពេលរាត្រី ប្រព្រឹត្ដកន្លងក្នុងអគ្គមហេសីនៃព្រះបាទពារាណសី ទាសីរបស់ព្រះនាងបានដឹងហើយ ទើបព្រះនាងចូលគាល់ព្រះរាជាខ្លួនឯង ក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព បុរសម្នាក់ចូលមកក្នុងបន្ទប់ដ៏មានសិរី កណ្ដាលរាត្រី បំពានលើខ្ញុំម្ចាស់។

ព្រះរាជាត្រាស់សួរថា នាងអាចធ្វើគ្រឿងសម្គាល់  គឺសញ្ញាណាមួយទុកលើបុរសនោះ បានដែរឬទេ។

ព្រះនាងក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំម្ចាស់អាច។ ព្រះនាងឲ្យដាក់ជាតិហិង្គុល (ទឹកល័ក្ដ)  ក្នុងថាសយកមកថ្វាយ  កាលបុរសនោះ មកក្នុងពេលរាត្រី រួមអភិរម្យហើយ ព្រះនាងប្រថាប់ម្រាមទាំង ៥ លើខ្នង បានក្រាបទូលព្រះរាជាអំពីព្រលឹម។ ព្រះរាជាបញ្ជាមនុស្សទាំងឡាយថា អ្នកទាំងឡាយ ចូរទៅ ចូរនាំគ្នាពិនិត្យគ្រប់ទិស ហើយចាប់បុរសដែលមានស្នាមល័ក្ដម្រាម ៥ នៅលើខ្នង។ ចំណែកវិជ្ជាធរនោះ កាលធ្វើអនាចារក្នុងពេលយប់ហើយ ពេលថ្ងៃ ក៏ឈរជើងមួយ នមស្ការព្រះអាទិត្យត្រង់ទីរហោឋាន។ រាជបុរសឃើញបុរសនោះហើយ ក៏នាំគ្នាព័ទ្ធចាប់។ បុរសនោះគិតថា កម្មរបស់អញប្រាកដហើយ ទើបរាយវេទហោះទៅក្នុងអាកាស។

ព្រះរាជាទ្រង់ឃើញបុរសនោះហោះទៅហើយដែរ ទើបត្រាស់សួររាជបុរសដែលមកហើយថា អ្នកទាំងឡាយ​បានឃើញដែរឬទេ។ រាជបុរសក្រាបទូលថា បានឃើញព្រះអង្គ។

ព្រះរាជាត្រាស់សួរថា គេនុ៎ះ ជានរណា។ រាជបុរសក្រាបទូលថា បពិត្រព្រះសម្មតិទេព ជាបព្វជិត។ បានឮថា ពេលយប់ បុរសនោះ ធ្វើអនាចារ តែពេលថ្ងៃ បុរសនោះ នៅដោយភេទបព្វជិត។ ព្រះរាជាទ្រង់ខ្ញាល់នឹង​បព្វជិតទាំងឡាយថា បព្វជិតទាំងនេះ ពេលថ្ងៃប្រព្រឹត្ដភេទសមណៈ ពេលយប់ធ្វើអនាចារ ព្រះរាជាទ្រង់យល់ខុស ទើបទ្រង់ឲ្យវាយស្គរប្រកាសថា អ្នកទាំងឡាយ ចូរស្ដាប់ព្រះរាជឱង្ការក្នុងទីដែលខ្លួនបានឮហើយថា បព្វជិតទាំងអស់ ចូរចៀសចេញអំពីអាណាចក្ករបស់យើង ដូច្នេះហើយ ទើបបព្វជិតទាំងអស់គេចចេញអំពីដែនកាសី ដែលមានទំហំ ៣០០យោជន៍ បាននាំគ្នាទៅកាន់រាជធានីដទៃៗ។ សមណ​ព្រាហ្មណ៍​ដែលទ្រទ្រង់ធម៌ សូម្បីតែម្នាក់ ដែលឲ្យឱវាទដល់មនុស្សទាំងឡាយក្នុងដែនកាសី មិនមាន។ មនុស្សទាំងឡាយដែលមិនបានទទួលឱវាទ បានជាបុគ្គលពាលគ្រោតគ្រាត មនុស្សទាំងឡាយលះបង់​ទាននិងសីលជាដើម ស្លាប់ហើយ ដោយច្រើន កើតក្នុងអបាយ ឈ្មោះថា កើតក្នុងស្ថានសួគ៌ មិនមាន។

សក្កទេវរាជ កាលមិនឃើញទេវបុត្តថ្មីៗ កើតឡើង ទើបពិចារណាមើលថា មានហេតុអ្វីហ្ន៎ ទ្រង់ជ្រាបថា ព្រះបាទពារាណសីទ្រង់ពិរោធព្រោះអាស្រ័យវិជ្ជាធរ ទ្រង់បណ្ដេញបព្វជិតចេញអំពីដែន ព្រោះទ្រង់យល់ខុស អ្នកដទៃក្រៅអំពីអញ ដែលអាចទម្លាយនូវការប្រកាន់ខុសរបស់ព្រះរាជាអង្គនេះ មិនមាន អញនឹងជាទីពឹងរបស់ព្រះរាជានិងអ្នកដែនទាំងឡាយ ហើយយាងទៅកាន់សម្នាក់ ព្រះបច្ចេកពុទ្ធ ទាំងឡាយ ត្រង់ញកភ្នំនន្ទមូលកៈ ទ្រង់ថ្វាយបង្គំហើយទូលថា បពិត្រលោកម្ចាស់ សូមលោកម្ចាស់ទាំងឡាយ ឲ្យព្រះបច្ចេកពុទ្ធចាស់ជរាមួយអង្គដល់ខ្ញុំ ខ្ញុំនឹងឲ្យមហាជនក្នុងដែនកាសីជ្រះថ្លា។ សក្កទេវរាជបានព្រះសង្ឃត្ថេរនោះឯង។ លំដាប់នោះ ទើបទ្រង់ទទួលយកបាត្រនិងចីវររបស់ព្រះបច្ចេកពុទ្ធនោះ ឲ្យលោកនៅអំពីខាងមុខ ទ្រង់នៅអំពីខាងក្រោយ ទ្រង់កាឡាភេទជាមាណពដែលមានរូបឧត្ដម ផ្គងអញ្ជលីលើសិរសា នមស្ការព្រះបច្ចេកសម្ពុទ្ធ បានហោះលើនគរទាំងមូល ៣ ជុំ មកដល់ទ្វារព្រះរាជវាំង បានប្រថាប់ឈរលើអាកាស។ អាមាត្យទាំងឡាយក្រាបទូលព្រះរាជាថា បពិត្រព្រះសម្មតិទេព មាណពរូបស្អាតម្នាក់ នាំសមណៈមួយរូបមកឈរលើអាកាស ត្រង់ទ្វារព្រះរាជវាំង។

ព្រះរាជាទ្រង់ក្រោកចាកអាសនៈ ប្រថាប់ឈរត្រង់បង្អួច ទ្រង់ចរចាជាមួយសក្កៈនោះថា នែមាណព អ្នក​មានរូបស្អាត ហេតុអ្វី ទើបឈរកាន់បាត្រនិងចីវររបស់សមណៈដែលមានរូបអាក្រក់ ហើយនមស្ការ ដូច្នេះ ហើយត្រាស់ព្រះគាថាទី ១ ថា

ទុព្វណ្ណរូបំ ត្វមរិយវណ្ណី

បុរក្ខិត្វា បញ្ជលិកោ នមស្សសិ

សេយ្យោ នុ តេ សោ ឧទាហុ សរិក្ខោ

នាមំ បរស្សត្តនោ ចាបិ ព្រូហិ។

អ្នកមានពណ៌ទ្រង់ទ្រាយដ៏ល្អ ផ្គងអញ្ជលីនមស្ការ តម្កល់នូវបុគ្គលមានរូបអាក្រក់ អំពីខាងមុខ តើបុរសនោះ ប្រសើរជាងអ្នក ឬប្រហែលគ្នា អ្នកចូរប្រាប់នូវឈ្មោះនៃអ្នកឯទៀតផង នៃខ្លួនផង។

លំដាប់នោះ សក្កទេវរាជត្រាស់តបព្រះរាជាថា មហាបពិត្រ ឈ្មោះថា សមណៈទាំងឡាយ រមែងជាបុគ្គលគួរគោរព ព្រោះហេតុនោះ ទើបខ្ញុំមិនបានហៅឈ្មោះរបស់លោក តែខ្ញុំនឹងប្រាប់ឈ្មោះរបស់ខ្ញុំដល់ទ្រង់ ហើយបានត្រាស់គាថាទី២ ថា

ន នាមគោត្តំ គណ្ហន្តិ រាជ

សមគ្គតានុជ្ជុគតាន ទេវា

អហញ្ច តេ នាមធេយ្យំ វទាមិ

សក្កោហមស្មី តិទសានមិន្ទោ។

បពិត្រព្រះរាជា ទេវតាទាំងឡាយ មិនកាន់យកនូវនាមនិងគោត្ត ព្រះខីណាស្រព អ្នកដល់នូវការស្ងប់ ទាំងប្រព្រឹត្តតាមផ្លូវត្រង់ ប៉ុន្តែខ្ញុំនឹងសូមប្រាប់ឈ្មោះ (ខ្លួនខ្ញុំ) ដល់ព្រះអង្គ ខ្ញុំជាសក្កៈ ជាធំជាងទេវតាជាន់តាវត្តិង្ស។

ព្រះរាជាស្ដាប់ពាក្យនោះហើយ បានត្រាស់សួរដល់អានិសង្សនៃការថ្វាយបង្គំភិក្ខុ ដោយគាថាទី ៣ ថា

យោ ទិស្វា ភិក្ខុំ ចរណូបបន្នំ

បុរក្ខិត្វា បញ្ជលិកោ នមស្សតិ

បុច្ឆាមិ តំ ទេវរាជេតមត្ថំ

ឥតោ ចុតោ កឹ លភតេ សុខំ សោ។

បុគ្គលណា ឃើញនូវភិក្ខុអ្នកបរិបូណ៌ដោយចរណៈ ហើយផ្គងអញ្ជលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បពិត្រទេវរាជ ខ្ញុំសូមសួរនូវដំណើរនុ៎ះ ចំពោះព្រះអង្គ បុគ្គលនោះ លុះច្យុតចាកលោកនេះទៅ រមែងបានសេចក្ដីសុខ ដូចម្ដេច។

សក្កទេវរាជឆ្លើយតបដោយគាថាទី ៤ ថា

យោ ទិស្វា ភិក្ខុំ ចរណូបបន្នំ

បុរក្ខិត្វា បញ្ជលិកោ នមស្សតិ

ទិដ្ឋេវ ធម្មេ លភតេ បសំសំ

សគ្គញ្ច សោ យាតិ សរីរភេទា។

បុគ្គលណា ឃើញនូវភិក្ខុដែលបរិបូណ៌ដោយចរណៈ ហើយផ្គងអញ្ជលីនមស្ការ តម្កល់ទុកក្នុងខាងមុខ បុគ្គលនោះ រមែងបាននូវសេចក្ដីសរសើរក្នុងបច្ចុប្បន្ន លុះបុគ្គលនោះ បែកធ្លាយសរីរកាយ រមែងទៅកាន់ឋានសួគ៌។ ព្រះរាជាទ្រង់ស្ដាប់គាថារបស់សក្កទេវរាជហើយ កម្ចាត់បង់នូវការប្រកាន់ខុសរបស់ខ្លួន ពេញព្រះរាជហឫទ័យ បានត្រាស់គាថាទី៥ ថា

លក្ខី វត មេ ឧទបាទិ អជ្ជ

យំ វាសវំ ភូតិបតិទ្ទស្សាម

ភិក្ខុញ្ច ទិស្វាន តុវញ្ច សក្ក

កាហាមិ បុញ្ញានិ អនប្បកានិ។

ឱហ្ន៎ សិរីរបស់អញកើតឡើងក្នុងថ្ងៃនេះ ព្រោះអញបានឃើញនូវវាសវៈ ជាម្ចាស់នៃភូត បពិត្រសក្កៈ ខ្ញុំនឹងធ្វើនូវបុណ្យជាច្រើន ព្រោះបានឃើញនូវភិក្ខុផង ព្រះអង្គផង។

សក្កទេវរាជបានស្ដាប់ពាក្យនោះហើយ កាលទ្រង់សរសើរបណ្ឌិត ទើបត្រាស់គាថាទី ៦ ថា

អទ្ធា ហវេ សេវិតព្វា សបញ្ញា

ពហុស្សុតា យេ ពហុឋានចិន្តិនោ

ភិក្ខុញ្ច ទិស្វាន មមញ្ច រាជ

ករោហិ បុញ្ញានិ អនប្បកានិ។

បុគ្គលណា ប្រកបដោយបញ្ញា ជាពហុស្សូត អាចគិតឃើញនូវហេតុជាច្រើន (ព្រះអង្គ) គប្បីសេពគប់ (បុគ្គលនោះ) ដោយពិត បពិត្រព្រះរាជា ព្រោះព្រះអង្គបានឃើញភិក្ខុនិងខ្ញុំ សូមធ្វើបុណ្យជាច្រើនចុះ។

ព្រះរាជាបានស្ដាប់ព្រះតម្រាស់នោះហើយ ទើបត្រាស់គាថាចុងក្រោយថា

អក្កោធនោ និច្ចបសន្នចិត្តោ

សព្វាតិថីយាចយោគោ ភវិត្វា

និហញ្ញ មានំ អភិវាទយិស្សំ

សុត្វាន ទេវិន្ទ សុភាសិតានិ។

បពិត្រព្រះអង្គជាធំជាងទេវតា ខ្ញុំនឹងជាអ្នកមិនមានសេចក្ដីក្រោធ មានចិត្តជ្រះថ្លាជានិច្ច ជាអ្នកគួរដល់អ្នកដំណើរ និងស្មូមទាំងអស់ សង្កត់សង្កិននូវមានះ ថ្វាយបង្គំ ព្រោះបានស្ដាប់នូវសុភាសិត (របស់ព្រះអង្គ)។

ព្រះរាជា កាលត្រាស់ដូច្នេះហើយ ទ្រង់ចុះអំពីប្រាសាទ ថ្វាយបង្គំព្រះបច្ចេកពុទ្ធ រួចប្រថាប់ឈរនាចំណែកម្ខាង។ ព្រះបច្ចេកពុទ្ធគង់ពត់ភ្នែនក្នុងអាកាស ថ្វាយឱវាទព្រះរាជាថា ថ្វាយព្រះពរមហាបពិត្រ វិជ្ជាធរនោះ មិនមែនជាសមណៈ ចាប់ពីពេលនេះទៅ សូមទ្រង់ជ្រាបថា លោកសន្និវាសមិនទទេឡើយ គង់មានសមណព្រាហ្មណ៍ដែលទ្រទ្រង់ធម៌ សូមទ្រង់ឲ្យទាន រក្សាសីល ធ្វើឧបោសថកម្មចុះ។ សូម្បីសក្កទេវរាជ ក៏ទ្រង់ប្រថាប់ឈរត្រង់អាកាស ដោយអានុភាពរបស់សក្កៈ ប្រទានឱវាទដល់អ្នកនគរថា តាំងអំពីនេះទៅ អ្នកទាំងឡាយ ចូរកុំប្រមាទ ទ្រង់ឲ្យវាយស្គរប្រកាសថា សមណព្រាហ្មណ៍ទាំងឡាយ ដែលគេចទៅហើយ សូមត្រឡប់មក។  សក្កទេវរាជនិងព្រះបច្ចេកពុទ្ធបានទៅកាន់លំនៅរបស់ខ្លួន។ ព្រះរាជាទ្រង់តាំងនៅក្នុងឱវាទរបស់ព្រះបច្ចេកពុទ្ធ និងសក្កទេវរាជហើយ បានធ្វើបុណ្យទាំងឡាយ មានទានជាដើម។

 ព្រះសាស្ដា លុះទ្រង់នាំយកព្រះធម្មទេសនានេះ មកសម្ដែងហើយ ទើបទ្រង់ប្រជុំជាតកថា ព្រះបច្ចេកពុទ្ធក្នុងកាលនោះ បានបរិនិព្វានហើយ ព្រះរាជាក្នុងកាលនោះ បានមកជាអានន្ទក្នុងកាលឥឡូវនេះ ចំណែកសក្កទេវរាជ គឺតថាគតនេះឯង។

វិជ្ជាធរជាតក ចប់។

[ស្រង់ចាកអដ្ឋកថា ជាតក  ឆក្កនិបាត បិ.៥៩ ទំ.៦២ ឃ.២៣៦។]

សូមអនុមោទនា !!!

Oben-pfeil