គុណព្រះសង្ឃ ៩បទគឺ ១. សុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយប្រពៃ គឺប្រតិបត្តិតាមគន្លងនៃព្រះនព្វលោកុត្តរធម៌។ ប្រតិបត្តិដោយប្រពៃ ព្រោះលោកដល់ព្រមដោយសម្មាបដិបទា ម្យ៉ាងទៀត លោកប្រតិបត្តិតាមឱវាទដែលព្រះពុទ្ធជាម្ចាស់ប្រៀនប្រដៅ ប្រតិបត្តិមិនខុស។ ន័យមួយទៀត គឺលោកប្រតិបត្តល្អ គឺតាំងទុកនូវសីល ដូចជារបង ឬកំផែងសម្រាប់ការពារសត្រូវ គឺជាទុច្ចរិតសំកិលេស ដែលជាអកុសលដែលមានក្នុងកាយ លោកធ្វើសមាធិ ដូចជាផែនថ្មបិទបាំងនូវសត្រូវខាងក្នុង គឺបរិយុដ្ឋានសំកិលេស ដែលជាអកុសលគ្របសង្កត់ចិត្ត លោកធ្វើបញ្ញា ដូចជាប្រទីបបំភ្លឺក្នុងកងសង្ខារទាំងពួងដោយចំណែកៗ មានខន្ធជាដើម ឃើញច្បាស់ថា ជាទុក្ខ មិនមែនខ្លួន លោកធ្វើបញ្ញាដូចជាអាវុធ សម្លាប់អនុសយកិលេសដែលជាចំណែកដ៏ល្អិត យ៉ាងទាបបំផុតបានត្រឹមសោតាបន្នបុគ្គល អស់វិចិកិច្ឆា ដោយឃើញគុណព្រះពុទ្ធជាក់ច្បាស់ លោកុត្តរធម៌ក៏កើតប្រាកដក្នុងសន្តាន លុះបានសម្រេចជាព្រះអរិយៈហើយ ទើបអស់សីលពត្វបរាមាសៈ ព្រោះឃើញច្បាស់ថា ខ្លួនបរិសុទ្ធិដោយត្រៃសិក្ខា ដែលជាសម្មាបដិបទា ផ្លូវប្រតិបត្តិប្រពៃ យ៉ាងនេះឈ្មោះថា សុបដិបន្នោ។ ២. ឧជុបដិបន្នោ ភគវតោ សាវកសង្ឃោ ពួកសាវកនៃព្រះមានព្រះភាគ លោកប្រតិបត្តិដោយត្រង់ គឺប្រតិបត្តិជាមជ្ឈិមាបដិបទា តាមផ្លូវប្រកបដោយអង្គ ៨ មានសម្មាទិដ្ឋិជាដើម។Continue reading “សង្ឃគុណ”
Author Archives: ធម្មិការាម
ធម្មគុណ
ពុទ្ធគុណ
នីវរណធម៌
អាហារេបដិកូលសញ្ញា
អាហារ ៤ យ៉ាងគឺ កពឡិង្ការាហារ ផស្សាហារ មនោសញ្ចេតនាហារ វិញ្ញាណាហារ។ ១. កពឡិង្ការាហារ អាហារគួរធ្វើឲ្យជាពំនូត គ្រោតគ្រាតក្តី ល្អិតក្តី។ បានដល់បាយ និងនំ ជាដើម តែងនាំមកនូវឱជដ្ឋមករូប។ ២. ផស្សាហារ បានដល់ផស្សៈទាំង ៦ មានចក្ខុសម្ផស្សជាដើម តែងនាំមកនូវវេទនាទាំង៣។ ៣. មនោសញ្ចេតនាហារ បានដល់កុសលាកុសលចេតនា ដែលអាស្រ័យនឹងចិត្ត ចេតនានោះ ចែកទៅជា ៣ គឺ បុញ្ញាភិសង្ខារ ១ អបុញ្ញាភិសង្ខារ ១ អនេញ្ជាភិសង្ខារ ១ តែងនាំមកនូវបដិសន្ធិក្នុងភពទាំង ៣។ ៤. វិញ្ញាណាហារ បានដល់វិញ្ញាណក្ខន្ធ គឺចិត្តតែងនាំមកនូវនាមរូប ក្នុងខណៈនៃបដិសន្ធិ។ (បិ. ១៩, ឃ. ១១៥) បដិកូលដោយអាការៈ ១០យ៉ាង ក្នុងទីនេះ សំដៅយកតែកពឡិង្ការាហារប៉ុណ្ណោះ។ ១. គមនតោ បដិកូលដោយដំណើរ។ គប្បីពិចារណាថាContinue reading “អាហារេបដិកូលសញ្ញា”
ជំនួញខុស ៥ប្រការ
អាជីវនៃឧបាសក កិរិយាលះបង់នូវជំនួញខុស ៥ ប្រការ ហេីយប្រកបកិច្ចការចិញ្ចឹមជីវិតដោយត្រឹមត្រូវតាមធម៌ឈ្មោះថា អាជីវនៃឧបាសក ដូចមានពុទ្ធប្បញ្ញត្តិ ដែលព្រះសម្មាសម្ពុទ្ធទ្រង់ហាមចំពោះភិក្ខុទាំងឡាយថា បញ្ចហិ ភិក្ខវេ វណិជ្ជា ឧបាសកេន អករណីយា ម្នាលភិក្ខុទាំងឡាយ ជំនួញខុសទាំងឡាយ ៥ប្រការ គឺឧបាសកមិនគប្បីធ្វើឡើយ ។ ជំនួញ ៥ប្រការនោះគឺ សត្ថវណិជ្ជា ជួញគ្រឿងសាស្ត្រាវុធសម្រាប់ប្រហារ គឺធ្វើគ្រឿងសាស្ត្រាវុធនោះដោយខ្លួនឯង ឬប្រេីអ្នកដទៃឲ្យគេធ្វេីឲ្យ ឬបានមកដោយហេតុឯណាមួយ ហេីយលក់នូវគ្រឿងសាស្ត្រាវុធនោះ ។ សត្តវណិជ្ជា ជួញមនុស្ស មំសវណិជ្ជា ជួញសាច់ គឺចិញ្ចឹមនូវសត្វទាំងឡាយ មានជ្រូកជាដេីម លុះដល់សត្វទាំងឡាយនោះចម្រេីនធំឡេីង ក៏សម្លាប់យកសាច់លក់ ។ មជ្ជវណិជ្ជា ជួញទឹកស្រវឹង គឺផ្សំគ្រឿងណាមួយឲ្យកេីតឡេីងជាទឹកស្រវឹងដោយខ្លួនឯង ឬទិញគេយកមកហេីយ លក់នូវទឹកស្រវឹងនោះ ។ វិសវណិជ្ជា ជួញថ្នាំពិស គឺចាត់ចែងផ្សំថ្នាំពិសឲ្យកេីតឡេីងដោយខ្លួនឯង ឬឲ្យគេផ្សំឲ្យ ឬក៏បានមកដោយហេតុឯណានីមួយ ហេីយលក់នូវថ្នាំពិសនោះ ។ ឧបាសកកាលវៀរចាកជំនួញខុស ៥ប្រការនេះហើយ បានប្រព្រឹត្តការចិញ្ចឹមជីវិតដោយធម៌ ឈ្មោះថា មានអាជីវធម៌ដោយប្រពៃ។
បលិពោធ ១០យ៉ាង
បលិពោធ គឺធម៌ជាគ្រឿងកង្វល់ មាន ១០យ៉ាង អាវាសបលិពោធ កង្វល់ដោយការគ្រប់គ្រងទីលំនៅ។ កុលបលិពោធ កង្វល់ដោយជាប់ជំពាក់នៅក្នុងត្រកូលញាតិ ឬត្រកូលរបស់ឧបដ្ឋាក។ លាភបលិពោធ កង្វល់ដោយការទទួលលាភ គឺកង្វល់ដោយការធ្វើអនុមោទនា ឬសំដែងធម៌ដល់ទាយក។ គណៈបលិពោធ កង្វល់ដោយពួកអ្នករៀនព្រះសូត្រ ឬពួកលោករៀនអភិធម្ម គឺកង្វល់ដោយការបង្រៀន។ កម្មបលិពោធ កង្វល់ដោយការងារ គឺកង្វល់ដោយការធ្វើការងារខ្លួនឯង ឬចាត់បង្គាប់ឲ្យគេធ្វើ។ អទ្ធានបលិពោធ កង្វល់ដោយដើរដំណើរផ្លូវឆ្ងាយ។ ញាតិបលិពោធ កង្វល់ថែទាំព្យាបាលជម្ងឺរបស់ញាតិ គឺអាចារ្យ និងឧបជ្ឈាយ៍។ អាពាធបលិពោធ កង្វល់ដោយព្យាបាលរោគរបស់ខ្លួន។ គន្ថបលិពោធ កង្វល់ដោយការរៀនព្រះបរិយត្តិ។ ឥទ្ធិបលិពោធ កង្វល់ដោយរក្សាទុកនូវឫទ្ធិជារបស់បុថុជ្ជន តែថាឫទ្ធិនេះ ជាកង្វល់ដល់វិបស្សនា មិនមែនជាកង្វល់ដល់សមាធិឡើយ គឺលោកអ្នកចម្រើនវិបស្សនាត្រូវផ្តាច់បង់ចេញ។ វិធីដែលនឹងផ្តាច់បង់បលិពោធទាំងនេះមាន ២ គឺត្រូវលះបង់ចេញ ឬត្រូវធ្វើបង្ហើយឲ្យរួចរាល់។ សូមអនុមោទនា !!!
បុញ្ញកិរិយាវត្ថុ
បុញ្ញកិរិយាវត្ថុ ១០ ទានមយ បុណ្យសម្រេចដោយទាន សីលមយ បុណ្យសម្រេចដោយសីល ភាវនាមយ បុណ្យសម្រេចដោយភាវនា អបចាយន បុណ្យសម្រេចដោយការឱនលំទោន វេយ្យាវច្ចមយ បុណ្យសម្រេចដោយការជួយការងារក្នុងបុណ្យកុសល ធម្មស្សវនមយ បុណ្យសម្រេចដោយការស្តាប់ធម៌ ធម្មទេសនាមយ បុណ្យសម្រេចដោយការសំដែងធម៌ប្រាប់អ្នកដទៃ បត្តិទានមយ បុណ្យសម្រេចដោយការចែកចំណែកផលបុណ្យដល់អ្នកដទៃ បត្តានុមោទនាមយ បុណ្យសម្រេចដោយការជ្រះថ្លា ពេញចិត្តអនុមោទនាបុណ្យដែលគេបានធ្វើហើយ ទិដ្ឋុជុកម្មមយ បុណ្យសម្រេចដោយការយល់ត្រង់ យល់ត្រូវតាមហេតុផលពិត សូមអនុមោទនា !!!
ត្រៃលក្ខណ៍
ត្រៃលក្ខណ៍ ឬលក្ខណៈ ៣ មាន អនិច្ចំ ទុក្ខំ អនត្តា។ អនិច្ចំ សេចក្តីមិនទៀង។ ធម៌ទាំងអស់ដែលមានបច្ច័យតាក់តែង ដូចជាភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត រូបជាដើម ជារបស់មិនទៀងទាត់ស្ថិតស្ថេរឡើយ មានដំណើរប្រែប្រួលជាធម្មតា។ របស់ទាំងឡាយណាមិនទៀង របស់នោះ ជាទុក្ខ របស់ណាជាទុក្ខ របស់នោះជាអនត្តា កាលបើបុគ្គលយល់យ៉ាងនោះហើយ មិនគប្បីប្រកាន់មាំក្នុងរបស់ទាំងនោះឡើយ។ ទុក្ខំ សេចក្តីព្រួយលំបាក។ អាយតនៈ ៦ មានភ្នែក ត្រចៀក ច្រមុះ អណ្តាត កាយ ចិត្ត ជាទុក្ខ។ របស់ណាជាទុក្ខ របស់នោះជាអនត្តា បុគ្គលគប្បីលះការប្រកាន់ក្នុងរបស់ទាំងនោះឡើយ។ អនត្តា ភាវៈមិនមែនជារបស់ខ្លួន។ អាយតនៈ ៦ ជាអនត្តា បុគ្គលកាលបើយល់យ៉ាងនេះហើយ ចិត្តក៏រមែងរួចស្រឡះ មិនប្រកាន់មាំទៀតឡើយ។ (ពិស្តារ បិដក.៣៥, ឃ.១) សូមអនុមោទនា !!!
