ធម្មសារ – គ

គន្ថៈ ៤ យ៉ាង

ពួកធម៌ជាគន្ថៈ (ធម៌ដោតក្រងសត្វទុកក្នុងវដ្តៈ) មាន ៤ គឺ អភិជ្ឈាកាយគន្ថៈ [សភាវៈ​ចងក្រង​នាមកាយ​ទុកក្នុងវដ្តៈ ដោយអំណាចបដិសន្ធិ គឺអភិជ្ឈា។] ព្យាបាទកាយគន្ថៈ សីលព្វតបរាមាសកាយគន្ថៈ ឥទំសច្ចាភិនិវេសកាយគន្ថៈ [សភាវៈចងក្រងនាមកាយ​ទុកក្នុង​វដ្តៈ ដោយអំណាចបដិសន្ធិ គឺសេចក្តីប្រកាន់ខ្ជាប់ ដោយយល់ថា នេះទៀង ការយល់ដទៃ ជា​មោឃៈ។]។ (ពិស្តារ បិ ៧៩, ឃ ២៣៦)


គរុធម៌ ៨

គរុធម៌ គឺធម៌ធ្ងន់ ៨ប្រការ ដែលព្រះសម្មាសម្ពុទ្ធទ្រង់បញ្ញត្តិចំពោះស្ត្រី ដែលមាន​បំណង​ចង់​បួសក្នុង​ព្រះពុទ្ធសាសនា។ ធម៌ទាំង ៨ប្រការនេះ ភិក្ខុនីត្រូវធ្វើសក្ការៈ គោរពរាប់អាន បូជា មិនប្រព្រឹត្តកន្លង ដរាបអស់ជីវិត។

  • ភិក្ខុនីសូម្បី​ឧបសម្បទា​បានមួយរយវស្សាហើយ ក៏ត្រូវតែថ្វាយបង្គំ ក្រោកទទួល ធ្វើអញ្ជលីកម្ម សាមីចិកម្ម ចំពោះភិក្ខុដែលទើបនឹងបានឧបសម្បទាក្នុងថ្ងៃនោះ។
  • ភិក្ខុនីមិនត្រូវ​នៅចាំវស្សា ក្នុង​អាវាស​ដែល​គ្មានភិក្ខុឡើយ។
  • ភិក្ខុនីត្រូវប្រាថ្នាធម៌ពីរប្រការ គឺសួរឧបោសថ ចូលទៅស្តាប់ឱវាទ អំពីសំណាក់​ភិក្ខុ​សង្ឃ​រាល់​កន្លះ​ខែ។
  • ភិក្ខុនី ​នៅចាំវស្សារួចហើយ ត្រូវបវារណាក្នុងសំណាក់​សង្ឃទាំង២ពួក ដោយស្ថានទាំង​៣ គឺឃើញក្តី ឮក្តី រង្កៀសក្តី។
  • ភិក្ខុនី ត្រូវគរុកាបត្តិហើយ គប្បីប្រព្រឹត្តបក្ខមានត្ត​ ក្នុងសំណាក់សង្ឃទាំង២ពួក។
  • ភិក្ខុនី ត្រូវជួយ​ស្វែងរកឧបសម្បទា ក្នុងសំណាក់សង្ឃទាំង ២ពួក ដល់សិក្ខមានា ដែល​បាន​សិក្សាសិក្ខា​ក្នុងធម៌ទាំង ៦ប្រការ ​គ្រប់ ២ឆ្នាំហើយ។
  • ភិក្ខុនី មិនត្រូវជេរ មិនត្រូវ​ប្រទេច​​ភិក្ខុ ​ដោយបរិយាយណាមួយឡើយ។
  • តាំងពីថ្ងៃ (ដែលបានឧបសម្បទា​នេះទៅ) ភិក្ខុនី ត្រូវតែស្តាប់បង្គាប់​ភិក្ខុ ឯភិក្ខុ មិនត្រូវ​ស្តាប់​​បង្គាប់​​ភិក្ខុនី​វិញទេ។ (បិ.១១, ឃ.១៨០)


សូមអនុមោទនា !!!

Oben-pfeil