វន្ទិយបុគ្គល
បុគ្គលដែលភិក្ខុត្រូវសំពះ មាន ៣ពួក
- ភិក្ខុដែលបានឧបសម្បទាក្រោយ ត្រូវសំពះភិក្ខុដែលបានឧបសម្បទាមុន។
- ត្រូវសំពះភិក្ខុចាស់ជាង ដែលមានសំវាសផ្សេងគ្នា ជាធម្មវាទី។
- ត្រូវថ្វាយបង្គំព្រះតថាគតអរហន្តសម្មាសម្ពុទ្ធក្នុងលោក ព្រមទាំងទេវលោក មារលោក ព្រហ្មលោក ក្នុងពពួកសត្វ ព្រមទាំងសមណៈ និងព្រាហ្មណ៍ ទាំងមនុស្សជាសម្មតិទេព និងមនុស្សដ៏សេស។ (បិ.១០,ឃ.៣៧៤)
វត្តបទ ៧ ប្រការ
- អាត្មាអញ ត្រូវជាអ្នកចិញ្ចឹមមាតាបិតា អស់មួយជីវិត។
- ត្រូវគោរពបុគ្គលជាច្បងក្នុងត្រកូល អស់មួយជីវិត។
- ត្រូវមានវាចាល្អិតទន់ អស់មួយជីវិត។
- មិនត្រូវមានវាចាញុះញង់ អស់មួយជីវិត។
- ត្រូវមានចិត្តប្រាសចាកសេចក្តីកំណាញ់ជាមន្ទិល មានទានបរិច្ចាគហើយ មានដៃលាង (ចាំស្មូម) ហើយ ត្រេកអរក្នុងការលះបង់ ជាអ្នកគួរគេសូមបាន ត្រេកអរក្នុងការឲ្យ និងការចែករំលែក នៅគ្រប់គ្រងផ្ទះអស់មួយជីវិត។
- ត្រូវមានសំដីទៀងទាត់ អស់មួយជីវិត។
- មិនត្រូវមានសេចក្តីក្រោធ បើទុកជាសេចក្តីក្រោធកើតឡើងដល់អាត្មាអញ អាត្មាអញត្រូវតែប្រញាប់បន្ទោបង់ នូវសេចក្តីក្រោធនោះចេញ អស់មួយជីវិត។
កាលកើតជាមនុស្ស ក្នុងជាតិមុន សក្កទេវរាជ បានសមាទានវត្តបទ ទាំង ៧ ប្រការនេះឯង បរិបូណ៌ ព្រោះតែសមាទានវត្តបទទាំង ៧ ប្រការនេះ ទើបសក្កទេវរាជ បានដល់នូវភាពនៃខ្លួនជាសក្កៈ។ (សំយុត្តនិកាយ សគាថវគ្គ បិ.៣០, ឃ.៣៨៥)
វិនាស ៥ យ៉ាង
សេចក្ដីវិនាសញាតិ ១ សេចក្ដីវិនាសភោគៈ ១ សេចក្ដីវិនាសគឺរោគ ១ សេចក្ដីវិនាសសីល ១ សេចក្ដីវិនាសគឺទិដ្ឋិ ១។ (បិ. ៨២, ឃ. ២២១)
វិរោធវត្ថុ (ហេតុនៃសេចក្ដីក្រោធ) ៦
គំនុំ ការចងគំនុំតបនៃចិត្ដ។បេ។ សេចក្ដីកាច ការខឹង ការអាក់អន់ចិត្ត ក្នុងរូបទាំងឡាយមិនជាទីគាប់ចិត្ត ១ ក្នុងសំឡេងទាំងឡាយ មិនជាទីគាប់ចិត្ដ ១។បេ។ ក្នុងក្លិនទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងរស់ទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ ក្នុងផ្សព្វទាំងឡាយមិនជាទីគាប់ចិត្ត ១។បេ។ គំនុំ ការចងគំនុំនៃចិត្ត។បេ។ សេចក្ដីកាច ការពោលពាក្យអសុរោះ ការអាក់អន់ចិត្ត ក្នុងធម៌ទាំងឡាយ មិនជាទីគាប់ចិត្ត ១ នេះ វិរោធវត្ថុ ៦។ (បិ.៨២, ឃ.២២៧)
សូមអនុមោទនា !!!